សុង ជាមនុស្សប្រុសធម្មតាម្នាក់ដែលមានមុខរបរជាមន្ត្រីរាជការថ្នាក់ទាប ជីវភាពរស់នៅក៏មានកម្រិត ប្រាក់ខែក៏មិនបានច្រើន។ ពេលមួយគេបានទៅពិធីជប់លៀងមិត្តរួមជំនាន់ហើយក៏បានជួបនឹងនារីម្នាក់ឈ្មោះ មៀវ។ នាងជាមនុស្សស្រីដែលមានរូបរាង មុខមាត់ស្រស់ស្អាត។ ក្រោយរាប់អានគ្នាមួយរយៈ អ្នកទាំងពីរក៏សម្រេចចិត្តរៀបការ ប៉ុន្តែដោយសារឋានៈរបស់ពួកគេខុសគ្នា ដែលអ្នកផ្ទះរបស់ មៀវ មានឋានៈខ្ពង់ខ្ពស់ ឪពុកម្ដាយរបស់នាងមានមុខជំនួញផ្ទាល់ខ្លួន មានផ្ទះធំកណ្ដាលក្រុង ចំណែក សុង ជាបុគ្គលធម្មតា ទើបធ្វើឲ្យឪពុកម្ដាយរបស់នាងមិនសូវសប្បាយចិត្តប៉ុន្មានឡើយជាមួយអាពាហ៍ពិពាហ៍មួយនេះ។ ប៉ុន្តែទីបំផុតឪពុកម្ដាយខាងស្រីក៏យល់ព្រមអនុញ្ញាតឲ្យពួកគេរៀបការជាមួយគ្នា។
ក្នុងពិធីមង្គលការរបស់ពួកគេ ឪពុកម្ដាយខាងស្រីត្រូវការពិធីអធិកអធម ទើបសុំឲ្យមានរថយន្តដង្ហែបណ្ណាការចំនួន១៨គ្រឿង ឯពិធីជប់លៀងពេលល្ងាចត្រូវរៀបចំនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ចិញ្ចៀនរៀបការត្រូវជាចិញ្ចៀនពេជ្រគ្រាប់ធំ ប៉ុន្តែដោយសារ សុង មានប្រាក់មិនច្រើនដល់ថ្នាក់នោះ ទើបសុំឲ្យឪពុកម្ដាយរបស់ខ្លួនជួយ។ ឪពុកម្ដាយរបស់គេក៏បានយកលុយចូលនិវត្តន៍ដែលពួកគាត់សន្សំចេញមក និងខ្ចីគេបង្គ្រប់ខ្លះ ដើម្បីឲ្យមង្គលការកូនប្រុសប្រព្រឹត្តទៅបានរលូន។
បន្ទាប់ពីរៀបការ មៀវ ក៏ចេះតែសួរថា ពេលណាទើបទិញផ្ទះផ្ទាល់ខ្លួនបាន ព្រោះនាងចង់នៅផ្ទះបែកគ្នាពីឪពុកម្ដាយ ប៉ុន្តែ សុង ដឹងច្បាស់ថា គេមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ទើបបានត្រឹមតែលួងលោមនាងថា ត្រជាក់ចិត្តសិនទៅ និងបានប្រាប់ឲ្យនាងចេញរកការងារធ្វើ កុំសម្ងំតែចាយលុយខ្ជះខ្ជាយរាល់ថ្ងៃ ប៉ុន្តែនាងក៏ប្រាប់ប្ដីវិញថាមិនដែលចេញទៅធ្វើការឯណាផង ដូច្នេះមិនដឹងថាធ្វើអ្វីបានទេ។
ការនៅផ្ទះជាមួយឪពុកម្ដាយក្មេកធ្វើឲ្យនាងមានប៉ះទង្គិចពាក្យសម្ដីកាន់តែញឹកញាប់។ នាងពូកែចាយលុយ ឲ្យតែជិតដល់ចុងខែពេលណានាងក៏រអ៊ូតវ៉ាចំៗមុខឪពុកម្ដាយក្មេកថាប្ដីក្រនៅតែក្រ គិតខុសស្រឡះដែលមករៀបការជាមួយមនុស្សបែបនេះ។ ក្រោយរៀបការជាមួយគ្នាបានមួយឆ្នាំ ពួកគេទាំងពីរក៏ត្រូវលែងលះគ្នា។ នៅថ្ងៃលែងលះ មៀវ ក៏បានរើឥវ៉ាន់របស់នាងចេញពីផ្ទះនិងឡើងរថយន្តទំនើបចេញទៅបាត់ទៅ។
ក្រោយមក ពូ របស់ សុង បានណែនាំឲ្យគេស្គាល់គ្នាជាមួយនារីជនបទម្នាក់ មានឈ្មោះថា សៀវ ឈីង។ នាងជាមនុស្សស្រីធម្មតាប៉ុន្តែចំណុចល្អរបស់នាង គឺនាងមានស្នាមញញឹមលើផ្ទៃមុខជានិច្ច។ លើកដំបូងដែលបានជួបមុខនាង គេមានអារម្មណ៍មិនសូវពេញចិត្តប៉ុន្មានឡើយ ព្រោះសម្រស់នាងចាញ់ឆ្ងាយបើប្រៀបធៀបនឹងប្រពន្ធដើមរបស់គេ។
រូបតំណាង |
ប៉ុន្តែគេក៏ដឹងខ្លួនថា នេះជាការរៀបការលើកទីពីរ ដូច្នេះមិនអាចរើសច្រើនពេកនោះទេ។ នៅពេលគ្រប់គ្នាឲ្យគេសាកល្បងរាប់អានមើលចិត្តជាមួយនាង គេក៏យល់ព្រមសាកល្បងមើល។
នាងធ្វើការជាអ្នកមើលក្មេងនៅក្នុងសហគមន៍។ កាលនោះគេមានអារម្មណ៍ថាខ្មាសគេបន្តិចចំពោះការងារដែលនាងធ្វើ ព្រោះគេគិតថា នាងអាយុ ២៧ឆ្នាំទៅហើយ ហេតុអ្វីនៅតែធ្វើជាអ្នកមើលក្មេង ហើយថែមទាំងនៅស្រុកភូមិជាមួយគ្នាទៀត។ គ្រប់ពេលដែលគេឃើញនាង មិនថានៅទីណា គេតែងតែគេចមុខជានិច្ច។ រហូតដល់ថ្ងៃមួយ ម្ដាយរបស់ សុង ខ្យល់គ ប៉ុន្តែសំណាងល្អ សៀវ ឈីង ក៏បានមកជួយទាន់ពេល។ នាងបាននាំម្ដាយរបស់គេទៅមន្ទីរពេទ្យ និងចាំមើលថែមិនហ៊ានទៅណាសោះ។ នេះជាមូលហេតុដែលធ្វើឲ្យគេចាប់ផ្ដើមពេញចិត្តលើរូបនាង។
បន្ទាប់ពីនោះគេក៏ចាប់ផ្ដើមមើលឃើញពីចំណុចល្អរបស់នាងបន្តិចម្ដងៗ។ នាងជាមនុស្សដែលមានទឹកចិត្តល្អ។ ពេលវេលាកន្លងផុត ពួកគេក៏បានយល់ព្រមរួមរស់ជាមួយគ្នា ហើយក៏មានកូនប្រុសជាមួយគ្នាម្នាក់ទៀត។ នាងមើលថែការងារផ្ទះគ្រប់សព្វគ្មានចន្លោះ ត្បិតតែនាងមិនសូវស្អាត តែងខ្លួនធម្មតាៗ ប៉ុន្តែពេលនេះនាងគឺជាដុំពេជ្រសម្រាប់គេយ៉ាងពិតប្រាកដ។
៦ឆ្នាំក្រោយមក អតីតភរិយារបស់គេក៏ទូរស័ព្ទមកដើម្បីសុំជួបជាមួយគេ។ នាងនិយាយថា ពេលនេះនាងបានបើកជំនួញផ្ទាល់ខ្លួន ទិញផ្ទះ ទិញឡានដោយខ្លួនឯងបានហើយ និងសុំឲ្យគេចេញមកជួបជាមួយនាង។ គេមានអារម្មណ៍ទើសទាល់យ៉ាងខ្លាំង។ មៀវ ក៏និយាយថាបើគេមិនមកជួបនាងៗនឹងទៅរកគេដល់ផ្ទះ។ ទីបំផុតគេក៏យល់ព្រម។ នៅថ្ងៃដែលគេចេញទៅជួបនាង គេក៏បាននាំកូន និងប្រពន្ធទៅជាមួយដែរ។
ពេលទៅដល់ មៀវ ក៏ផ្លាស់ប្ដូរទឹកមុខភ្លាមៗ ព្រោះនាងគិតមិនដល់ឡើយថា គេនឹងនាំកូននិងប្រពន្ធមកជាមួយ។ នាងហៅស្រាមកផឹក។ នៅពេលចាប់ផ្ដើមស្រវឹង នាងក៏ចេះតែនិយាយថា តាំងពីបែកគ្នាមក នាងនៅតែនឹកដល់គេជានិច្ច មិនចង់ឲ្យគេមករស់នៅជាមួយនាងម្ដងទៀត និងសុំឲ្យគេបែកគ្នាជាមួយប្រពន្ធថ្មី។ ក្រោយពីគ្រប់គ្នាទទួលទានអាហាររួចរាល់ ក៏ដល់ពេលត្រូវគិតលុយ នៅពេលនោះ សុង និង មៀវ ក៏ដណ្ដើមគ្នាចេញលុយ រហូតសុខៗនាងក៏ទាញលុយចេញពីកាបូបហើយក៏ជះទៅលើគេ និងស្រែកថា "នេះហើយអ្វីដែលខ្ញុំមាន ខ្ញុំមានលុយ បើបងត្រូវការអ្វី ខ្ញុំអាចឲ្យបងបានគ្រប់យ៉ាង ត្រលប់មករកខ្ញុំវិញមកណា"។
រូបតំណាង |
ក្រោយពីសំឡឹងមើលលុយដែលរសាត់ធ្លាក់យឺតៗមកលើកម្រាលឥដ្ឋ គេក៏កាន់ដៃប្រពន្ធជាប់ ហើយនិយាយថា "សំណាងល្អណាស់ ដែលពេលនោះនាងសុំខ្ញុំលែងលះ មនុស្សខ្លះស្អាតតែរូប តែខាងក្នុងមើលមិនយល់ ហើយក៏សុំអរគុណដែលនាងដៀលខ្ញុំដោយសារខ្ញុំក្រ ធ្វើឲ្យខ្ញុំបានជួបមនុស្សស្រីដ៏សែនល្អម្នាក់នេះ"។
អ្នកទាំងពីរកាន់ដៃគ្នាចេញពីហាងទៅ។ ត្បិតតែភរិយារបស់គេតែងខ្លួនធម្មតា មិនដែលចាយលុយខ្ជះខ្ជាយ ក៏ប៉ុន្តែនាងតែងផ្ដល់ឲ្យកូនប្រុសនូវរបស់ល្អៗជានិច្ច។ ការពិតនាងមិនមែនមិនស្អាតទេ ប៉ុន្តែគឺដោយសារគេមិនបានសង្កេតមើលពីសម្រស់ពិតរបស់នាងទៅវិញទេ។
ក្រៅពីរូបសម្រស់ស្រស់ស្អាត នៅមានបច្ច័យផ្សេងៗជាច្រើនទៀតដែលត្រូវពិចារណាក្នុងការរើសដៃគូជីវិត។ ជឿជាក់ថាមនុស្សប្រុសទាំងឡាយក៏មិនចង់បានភរិយាដូចជា មៀវ ដែរ ៕
ប្រភព៖ bomb01 ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន