សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Friday, June 9, 2017

បន្លំ​ខ្លួន​ជា​អ្នក​ក្រ​បើក​ឡាន​ឲ្យ​គេ ចុង​ក្រោយ​ដឹង​ចិត្ត​សង្សារ​ច្បាស់ ​រំភើប​ស្រក់​ទឹក​ភ្នែក


ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​ខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​ក៏​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន និង​ឡាន​ស៊េរី​ទំនើប មាន​ទាំង​អ្នក​បើក​ជូន​ទៅ​ធ្វើ​ការ​ផង ព្រោះ​វា​ជា​ទ្រព្យ​សម្បត្តិ​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​ខំ​រក រហូត​ផ្ទេរ​មក​ដល់​ខ្ញុំ​​ខ្លះ។ ថ្ងៃ​មួយ​ខ្ញុំ​បាន​បើក​ឡាន​ដោយ​ខ្លួន​ឯង​ទៅ​ញាំ​គុយទាវ នៅ​ហាង​មួយ​មិន​ចាំ​ឈ្មោះ ហើយ​ក៏​បាន​ជួប​នារី​រត់​តុ​ម្នាក់​ឈ្មោះ ជីលីន ដែល​អាច​និយាយ​បាន​ថា នាង​ជា​មនុស្ស​ដ៏​សាមញ្ញ​ម្នាក់ ប៉ុន្តែ​សម្រស់​ធម្មជាតិ​ពិតៗ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ចិត្ត​យ៉ាង​ខ្លាំង។



គ្រាន់​តែ​បង្ហើរ​សំឡេង​មក​សួរ​ខ្ញុំ​ថា “បង​ប្រុស​ចង់​កុម្ម៉ង់​អី​ដែរ” ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​លង់​ទៅ​ហើយ ប៉ុន្តែ​ព្យាយាម​ធ្វើ​ធម្មតា។ ខ្ញុំ​ក៏​ឆ្ងល់​អារម្មណ៍​ខ្លួន​ឯង​ដែរ ហេតុអ្វី​រំភើប​ចិត្ត​ជាមួយ​កាយវិការ​ដ៏​សាមញ្ញ និង​សម្ដី​ដ៏​ទន់ភ្លន់​បែប​នេះ ព្រោះ​ពី​មុន​មក ក៏​មាន​ការ​ណែនាំ​ឲ្យ​ជួប​នារី​កូន​អ្នក​មាន​ជា​ច្រើន​ដែរ តែ​ខ្ញុំ​មិន​អាច​ទទួល​បាន​ចរិត​ឆ្មើង​ឆ្មៃ និង​ការ​លេង​ខ្លួន តុប​តែង សម្ដី​មិន​សមរម្យ។

ក្រោយ​ពេល​បាន​ញាំ​លើក​ទី១ ហើយ ខ្ញុំ​ក៏​បន្ត​ទៅ​ទីនោះ រហូត​លើក​ទី៥ ខ្ញុំ​ដាច់​ចិត្ត​សុំ​លេខ​ទូរសព្ទ​នាង​ទាំង​មុខ​ក្រាស់។ នៅ​ពេល​យប់ ខ្ញុំ​ក៏​តេ​ទៅ​នាង និយាយ​លេង​សើច​ជា​មួយ​គ្នា តែ​នាង​ក៏​មិន​ដែល​សួរ​អី​ពី​ខ្ញុំ​ដែរ។ យូរៗ​ទៅ បេះដូង​កាន់​តែ​រញ្ជួយ ខ្ញុំ​ក៏​ដាច់​ចិត្ត​សួរ​ពី​ប្រវត្តិ​នាង ទើប​នាង​ប្រាប់​ថា នាង​ត្រូវ​ឡើង​មក​ក្រុង រក​ការងារ​ធ្វើ ដើម្បី​លោះ​បំណុល​ឪពុក​ម្ដាយ​នៅ​ស្រុក ព្រោះ​បង​ប្រុស​នាង​លេង​ល្បែង​ជំពាក់​គេ​ជុំ​ទិស។

ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា ខ្ញុំ​ជា​អ្នក​មាន មាន​ឡាន មាន​ក្រុមហ៊ុន ថែម​ទាំង​យល់​ព្រម​សង​បំណុល​ឲ្យ​គ្រួសារ​នាង​ផង។ គិត​ទៅ ខ្ញុំ​ប្រហែល​ជា​ខុស ព្រោះ​យក​លុយ ឡាន ទៅ​ធ្វើ​ជា​ធ្នាក់ ឲ្យ​នាង​លង់​ស្នេហ៍ តែ​នាង​មើល​ទៅ​ពិត​ជា​ចរិត​ល្អ គួរ​ឲ្យ​ខ្ញុំ​ស្រលាញ់​មែន ទើប​គិត​ថា​ការ​ធ្វើ​បែប​នេះ​មិន​ខុស។

យើង​បាន​ដើរ​លេង​ជាមួយ​គ្នា​ញឹក​ញាប់ ដោយ​ប្រើ​ឡាន​ស៊េរី​ទំនើប​របស់​ខ្ញុំ ហើយ​ចេញ​ពី​ធ្វើការ​ខ្ញុំ​តែង​ទៅ​ទទួល​នាង ជូន​នាង​ទៅ​ផ្ទះ​ជួល​វិញ។ ក្រោយ​មក ដំណឹង​មួយ​នេះ បាន​ធ្លាយ​ដល់​ឪពុក​ម្ដាយ​ខ្ញុំ ធ្វើ​ឲ្យ​ពួក​គាត់​អន់​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ណែនាំ​អ្នក​មាន​ឲ្យ បែរ​ជា​មិន​ស្រលាញ់ ទៅ​ស្រលាញ់​នារី​រត់​តុ។
ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​គាត់​ថា នាង​ជា​មនុស្ស​ល្អ អាច​មើល​ថែ​ទ្រព្យ​សម្បត្តិ​ដែល​ខ្ញុំ​មាន​ឲ្យ​គង់វង្ស​ទៅ​ថ្ងៃ​ក្រោយ។ ប៉ុន្តែ​ឪពុក​ម្ដាយ​ខ្ញុំ ចេះ​តែ​ប្រកែក​ថា មិន​មែន​ស្នេហ៍​ស្មោះ​ទេ គឺ​នាង​មើល​ឃើញ​លុយ ស្រលាញ់​អ្នក​មាន​ប៉ុណ្ណោះ មិន​មែន​ស្រលាញ់​ខ្ញុំ​ទេ ហើយ​ក៏​ប្រហែល​គ្មាន​ចិត្ត​ស្មោះ​ដែរ។

ដើម្បី​ឲ្យ​ដឹង​ការ​ពិត ខ្ញុំ​ក៏​ធ្វើ​ជា​សាក​ចិត្ត ហើយ​ថ្ងៃ​មួយ​​ខ្ញុំ​បាន​ដឹក​ឪពុក​ម្ដាយ​ខ្ញុំ​ទៅ ដោយ​គាត់​អង្គុយ​ពី​ក្រោយ​ទាំង​២​នាក់។ នាង​ជា​អ្នក​រត់​តុ​ដូច​រាល់​ដង ប៉ុន្តែ​ថ្ងៃ​នោះ​ខ្ញុំ​អត់​បាន​ចូល​តុ​ទេ គឺ​នៅ​ឈរ​យាម​ឡាន ធ្វើ​ជា​អ្នក​បើក​ឡាន ចំណែក​ឪពុក​ម្ដាយ​ខ្ញុំ​ចូល​ទៅ​ទទួល​ទាន​គុយទាវ ដើម្បី​មើល​ពី​ចរិត​នាង​ផង។


យប់​នោះ ខ្ញុំ​បាន​តេ​ទៅ​នាង ប្រាប់​នាង​ថា៖ “ជីលីន បង​ជា​អ្នក​បើក​ឡាន​ឲ្យ​គេ​ទេ លុយ​ដែល​បង​ជួយ​អូន គឺ​ខ្ចី​ពី​ថៅកែ ហើយ​ឡាន​នោះ​គឺ​ឡាន​ថៅកែ… សុំ​ទោស​បង​ធ្វើ​បែប​នេះ ព្រោះ​បង​ស្រលាញ់​អូន តែ​បង​មិន​អាច​លាក់​អូន​រហូត​ទេ…. កុំ​ទៅ​ណា​ចោល​បង​បាន​ទេ?”។ ស្ដាប់​ចប់​ភ្លាម ជីលីន មិន​បាន​និយាយ​អី​ទេ បន្តិច​ក្រោយ​មក ក៏​លឺ​សំឡេង​យំ រួច​បិទ​ទូរសព្ទ។

ខ្ញុំ​គិត​ថា ប្រាកដ​ជា​នាង​ខឹង នាង​មិន​បាន​ស្រលាញ់​ខ្ញុំ​ទេ គឺ​ស្រលាញ់​ព្រោះ​ខ្ញុំ​ជា​អ្នក​មាន​ប៉ុណ្ណោះ។ ខ្ញុំ​ក៏​មាន​ចិត្ត​ខឹង​នាង​ដែរ ទើប​សម្រេច​ចិត្ត​ទៅ​និយាយ​ការ​ពិត ឲ្យ​ដឹង​គ្នា​ម្ដង ឲ្យ​ដឹង​ថា​នាង​ជា​ស្រី​មុខ​លុយ។ ខ្ញុំ​បាន​បើក​ឡាន ទៅ​ម្ដង​ទៀត ដោយ​ដឹក​ឪពុក​ម្ដាយ​ខ្ញុំ​ទៅ​ពិសា​គុយទាវ​ដូច​មុន។

ខ្ញុំ​គិត​ថា ចាំ​ឪពុក​ម្ដាយ​ពិសា​គុយទាវ​រួច ចាំ​និយាយ​ឲ្យ​នាង​ឈឺ​ចាប់​ម្ដង ចាំ​ប្រាប់​ថា​ខ្ញុំ​ជា​កូន​អ្នក​មាន មិន​មែន​អ្នក​ក្រ​បើក​ឡាន​ឲ្យ​គេ​ទេ។ តែ​ពិត​ជា​នឹក​ស្មាន​មិន​ដល់ នាង​បាន​យក​លុយ​គ្រប់​ចំនួន ដែល​ខ្ញុំ​ជួយ​នាង មក​ឲ្យ​ខ្ញុំ រួច​ប្រាប់​ថា ជា​លុយ​ដែល​នាង​សន្សំ និង​ខ្ចី​ប្រាក់​ខែ​ពី​ថៅ​កែ ២​ឆ្នាំ​មុន ព្រោះ​នាង​អាណិត​ខ្ញុំ ដែល​ខ្ចី​លុយ​គេ​មក​ជួយ​នាង និង​ខ្លាច​ដឹង​រឿង យក​ឡាន​មក​ដឹក​នាង​ដើរ​លេង​ផង។

ខ្ញុំ​ចាប់​ផ្ដើម​គាំង ព្រោះ​មិន​ដឹង​និយាយ​ពី​អី ស្រាប់​តែ​នាង​អូស​ដៃ​ខ្ញុំ​ទៅ​ជិត​ឡាន រួច​និយាយ​ដោយ​ក្ដុក​ក្ដួល​ចិត្ត​ថា៖ “អូន​ស្អប់​បង អូន​ខឹង​បង ហេតុ​អ្វី​មិន​ប្រាប់​ការ​ពិត ហេតុ​អី ចង់​ធ្វើ​ឡូយ ដើម្បី​ឲ្យ​អូន​ស្រលាញ់… អូន​ស្រលាញ់ ទោះ​បង​ជា​អ្វី​ក៏​ដោយ… ទ្រព្យ​សម្បត្តិ​អស្ចារ្យ​មែន តែ​មិន​អាច​ទិញ​ក្ដី​ស្រលាញ់​ដ៏​ស្មោះ​បាន​ទេ… អូន​នៅ​តែ​ស្រលាញ់​បង​ជា​បង ទោះ​បង​ជា​អ្នក​បើក​ឡាន​ឲ្យ​គេ ឲ្យ​តែ​ស្រលាញ់​ស្មោះ ថ្ងៃ​ក្រោយ​យើង​អាច​រក​លុយ​បាន​ហើយ”។

ទឹក​ភ្នែក​ខ្ញុំ ចាប់​ផ្ដើម​រមៀល​ស្រក់​ចុះ សម្ដី​ដែល​លាក់​ទុក​ក្នុង​មាត់ ចង់​និយាយ​ដៀល​នាង​ថា “ស្រី​មុខ​លុយ” ក៏​រលាយ​បាត់​អស់ ប្ដូរ​មក​វិញ​នូវ​ការ​ស្រលាញ់ និង​អាណិត​ពេញ​បេះដូង។ ចំណែក​ឪពុក​ម្ដាយ​ខ្ញុំ បាន​លួច​ស្ដាប់​ជិត​ឡាន​នោះ ក៏​បង្ហាញ​ខ្លួន ដោយ​ការ​រំភើប​ចិត្ត​ពេក​ក្រៃ។

“ជីលីន នាង​ពិត​ជា​មាន​ចរិត​ល្អ ស្រលាញ់​ស្មោះ ដូច​កូន​មីង​បាន​និយាយ​មែន។” ម្ដាយ​ខ្ញុំ​បាន​និយាយ​ដាក់​នាង។ ជីលីន លឺ​ភ្លាម ក៏​ភាំង​ចិត្ត​ម្ដង​ទៀត ព្រោះ​មិន​នឹក​ស្មាន​ដល់​ថា នេះ​ជា​ការ​សាក​ចិត្ត​ឡើយ។ យ៉ាង​ណា ពេល​នោះ ឪពុក​ម្ដាយ​បាន​យល់​ព្រម​ឲ្យ​ខ្ញុំ រៀបការ​ជាមួយ​នាង ឈប់​ឲ្យ​នាង​ធ្វើ​ជា​អ្នក​រត់តុ រហូត​ពេល​នេះ​មាន​កូន ២​នាក់​ទៅ​ហើយ។

ចំណែក​ឪពុក​ម្ដាយ ជីលីន ក៏​ខ្ញុំ​បាន​ជួយ​ឲ្យ​រស់​ស្រួល​បន្តិច​ដែរ ព្រោះ ជីលីន បាន​ជួយ​ការងារ​ជា​ច្រើន​ឲ្យ​រីក​ចម្រើន ទោះ​នាង​មិន​សូវ​បាន​រៀន​ខ្ពស់​ក៏​ដោយ៕

រឿង​ខាង​លើ​នេះ ចង់​បង្ហាញ​ថា ក្ដី​ស្រលាញ់​ពិត អាច​ឃើញ​ច្បាស់​នៅ​គ្រា​ក្រ។ មនុស្ស​ភាគ​ច្រើន ស្រលាញ់​ពេល​សប្បាយ ស្រលាញ់​ពេល​មាន​លុយ និង​មើល​ឃើញ​ផល​ប្រយោជន៍ លុះ​លែង​មាន​ផល​ប្រយោជន៍ ក៏​អស់​ក្ដី​ស្រលាញ់​ដូច​គ្នា។ បើ​ចង់​រក​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​ស្មោះ សូម​កុំ​បង្ហាញ​អ្វី​ដែល​អ្នក​មាន ព្យាយាម​ទម្លាក់​ខ្លួន​ឲ្យ​ដល់​បាត​សិន៕

អត្ថបទ៖ ចាន់ តារារស្មី
loading...

ពេញនិយម