ចូលដល់វ័យ២៥ឆ្នាំ បុរសម្នាក់ដែលតែងតែមកពិសាកាហ្វេ និង អង្គុយកាន់កន្ទុយបារីនៅក្នុងដៃ ជារៀងរាល់ថ្ងៃ មួយថ្ងៃ៣ដងមិនមានខ្វះ វ័យ៣៥ឆ្នាំបានសារភាពសុំស្រឡាញ់ និង រៀបការដោយអោយចាស់ទុំមកសួរនាំតាមប្រពៃណីតែអ្វីដែលគួរអោយសោកស្ដាយគឺ គេបានលាក់កំបាំងនូវរឿងមួយដ៏គួរអោយឈឺចាប់ដែលស្ត្រីគ្រប់រូបមិនអាចទទួលយកបាន (គេប្រាប់ក្រុមគ្រួសារយើងថាគេជាក្មេងកំព្រាមិនមានឪពុកម្តាយ គឺរស់នៅជាមួយម្ដាយធម៌ជាស្ត្រីមេម៉ាយនិងជាអ្នកមានស្ដុកស្ដម្ភ នៅម្ដុំសំណង់ ១២) តែពេលនេះគាត់បានលាចាកលោកនេះទៅហើយហើយនាងខ្ញុំក៏សូមអហោសិកម្មត្រឹមនេះចុះ។ ដោយសារការជឿ និង ទុកចិត្តពិធីមង្គលការក៏បានរៀបចំឡើង យ៉ាងសប្បាយរីករាយរហូតដល់ពេលកាត់ចំណងដៃស្រាប់តែមានការចូលរួមពីម្ដាយបង្កើត និង បងប្អូនខាងប្រុសយ៉ាងច្រើន ព្រមទាំងមានពាក្យនិយាយខ្សឹបខ្សៀវពីភ្ញៀវខាងប្រុសថាគេគឺជាបុរសពោះម៉ាយ ដែលមិនមានកូនជាប់ដៃជើងហើយបានលែងលះគ្នាដោយមិនមានលិខិតស្នាមត្រឹមត្រូវ។ ទាំងម្ដាយខាងស្រីនិងភ្ញៀវចូលរួមមួយចំនួន ជាពិសេសស្ត្រីវ័យ២៥ឆ្នាំក៏ចាប់ផ្ដើមត្រជាក់ចុងដៃចុងជើងតែទោះជាយ៉ាងណានាងក៏នៅតែបំពេញតួនាទីជាកូនក្រមុំ ដដែលមិនមានអាក់ខានទេ។
រូបតំណាង
ក្រោយពិធីមង្គលបានចប់សព្វគ្រប់យើងក៏បានធ្វើការសម្រុះសម្រួលគ្នា និងរស់នៅក្រោមដំបូលផ្ទះម្ដាយខាងស្រីរហូតដល់បងស្រីមានគភ៌។ ជីវិតពិតជាពិបាក និងមិនអាចតវ៉ានឹងព្រហ្មលិខិតបានមែន។ អ្វីដែលស្មានមិនដល់គឺពិតជាកើតមានចំពោះគាត់ដែលជាស្ត្រីរងគ្រោះដោយ មិនដឹងខ្លួន។ រតនាខិតខំបំពេញតួនាទីជាភរិយាយ៉ាងសក្ដិសមទាំងការងារក្នុងផ្ទះ និងការងាររកស៊ីចិញ្ចឹមជីវិតព្រោះស្វាមីដែលជាវិស្វករសំណង់ស៊ីវិលម្នាក់នោះមិនមានការទទួលខុសត្រូវគ្រប់គ្រាន់នោះទេ ដូចចម្រៀងមួយបទដែលមានចំណងជើងថា(ទុក្ខស្រីប្ដីកាន់លុយ)។ តាំងតែពីចាប់ដៃគ្នាមក គ្មានពេលណាដែលរតនាស្គាល់លុយពាន់ (ដុល្លារ) នោះថាម៉េចទេ ទោះជានាងបានលក់អស់គ្រឿងអលង្ការ និង សម្ភារៈជាច្រើនអោយគេក៏ដោយក៏មិនដែលឃើញមានវិលត្រឡប់មកវិញជាលុយឬ ការចំណេញពីការរកស៊ីរបស់គេនោះដែរ។
គេដើរបាត់ៗពីផ្ទះនិងផឹកស៊ីជារៀងរាល់ថ្ងៃមិនដែលគិតថារតនា កំពុងពពោះកូនរបស់គេក្នុងផ្ទៃទេ។ រាល់ល្ងាចពេលចប់តួនាទីជាប្រពន្ធរៀបចំបាយទឹកនិងឆុងកាហ្វេហើយ រតនានៅមានតួនាទីមួយថ្មីទៀតគឺ អោបកូនក្នុងពោះដើររកស្វាមីដែលកំពុងបំពេញការងារយ៉ាងមមាញឹកជាមួយ វិស្វករសំណង់ដទៃទៀត គ្រូ និងស្រីស្រាតាមហាងស៊ុបគ្រប់ច្រកល្ហក។
នៅថ្ងៃសៅរ៍មួយក្នុងនាមខ្ញុំជាសិស្សមិនសូវល្អរបស់សាលាភាសា នាងខ្ញុំមិនបានចូលរៀនទេគឺជិះម៉ូតូឆាលីពណ៌សដ៏ស្អាតអត់ស្តុប និង កំពិតកន្ត្រករបស់ខ្ញុំទៅម្ដុំផ្សារដើមគដើម្បីទិញម្ជូរទុកញ៉ាំ នៅថ្ងៃអាទិត្យជុំគ្នាណាមួយបងស្រីក៏គាត់ចូលចិត្តដែរព្រោះគាត់ កំពុងមានផ្ទៃពោះស្រាប់។ ជិះបណ្ដើរនឹកគិតបណ្ដើរមិនដឹងជារឿងអីខ្លះនោះទេ ស្រាប់តែខ្ញុំក្រឡេកឃើញបងស្រីរបស់ខ្ញុំ។ឱ ពុទ្ធជាម្ចាស់!បងស្រីរបស់នាងខ្ញុំពពោះធំជាងបាតលោក បានជិះម៉ូតូឌុបមកឈប់មុខហាងមួយដែលសំបូរទៅដោយភ្ញៀវ និងស្រីស្អាត កំពុងលើកកែវជុលបង្ហាញភាពសង្ហានិងការសប្បាយរបស់គេគ្រប់គ្នា ដោយមិនគិតនិងខ្វល់ពីអ្វីទាំងអស់។ តែខ្ញុំបែរជាខ្វល់នឹងនារីម្នាក់ដែលដើរឆ្លងកាត់ថ្នល់ដ៏ធំ និង សំបូរទៅដោយរថយន្ត និងម៉ូតូតូចធំកំពុងធ្វើដំណើរយ៉ាងខ្វាត់ខ្វែង។ ម្នាក់ៗហាក់ដូចជាប្រញាប់ណាស់ដោយមិនបង្អង់អោយគាត់ឆ្លងផ្លូវបានដោយងាយនោះទេ។ គាត់ដើរសំដៅទៅតុមួយដែលមានមនុស្សប្រុសស្រីអង្គុយកៀកកើយជិតគ្នាជាគូៗ និងបញ្ចេញកាយវិការហាក់ដូចជានឹកគ្នាព្រោះបើកគ្នាយូរខ្លាំងណាស់អីចឹង។ បងស្រីដើរមួយៗទាំងដៃញ័រ និងបេះដូងស្ទើរលោតចេញពីក្នុងខ្លួនកែវភ្នែកក្រហមជ្រាលបញ្ចេញតំណក់ទឹកប្រៃតិចៗបាននិយាយ មួយៗថា «តើពេលណាទើបការងារនេះចប់?ហើយថ្ងៃនេះបងនិងចូលផ្ទះម៉ោងប៉ុន្នាន?» ពេលនោះចម្លើយពិតជាមិនមានឡើយសម្រាប់គាត់ មានតែកាយវិការដ៏ស្មោកគ្រោកបង្ហាញភាពខឹងក្រេវក្រោធបំផុតរបស់គេ ដោយលើកយកកៅអីដែលគេអង្គុយបោក និងដើរចេញទៅបាត់មិនខ្វល់ពីសំណួរនិងសុវត្ថិភាពរបស់គាត់សូម្បីបន្តិច។
គាត់បានឈ្ងោកមុខ សម្រក់ទឹកភ្នែកមិននិយាយស្ដីអ្វីទាំងអស់។ ចំណែកអ្នកដែលរួមតុទាំងនោះម្នាក់ៗរូតរះគិតលុយរត់យករួចខ្លួនបាត់អស់ ដោយទុកអោយគាត់ឈរយំអោបពោះទាំងឈឺចាប់។នាងខ្ញុំបានអែបម៉ូតូទៅជិតហាង និងដាក់វានៅជិតនោះ រួចដើរទៅដឹកដៃគាត់មកក្រៅ។ ពេលនោះគាត់មានអារម្មណ៍ភ្ញាក់ និងងាកមកមើលខ្ញុំទាំងទឹកភ្នែកសស្រាក់ហើយវាចាថ្នមៗថា «កុំប្រាប់ម៉ាក់លឺទេ?» នាងខ្ញុំបានងក់ក្បាលដោយមិនមានវាចាអ្វីទាំងអស់។ ខ្ញុំក៏ឌុបគាត់មើលគេមើលឯងរហូតភ្នែកគាត់មើលទៅលែងក្រហមទើបយើងនាំគ្នាត្រឡប់ទៅផ្ទះវិញ។ ពេលទៅជិតដល់ផ្ទះខ្ញុំឈប់អោយគាត់ចុះពីចម្ងាយដើម្បីកុំអោយអ្នកផ្ទះដឹងថាយើងមកជាមួយគ្នា និងសួរជីកឫសជីកគល់។
ម៉ោងប្រមាណជាង៨យប់ ក្រុមគ្រួសារចាប់ផ្ដើមរៀបបាយតែមិនមានមុខបងថ្លៃទេ ទើបគ្រប់គ្នាសួរដោយចម្ងល់ «នឹង (បងថ្លៃប្រុស) មិនមកញ៉ាំបាយទេ?» បងស្រីខ្ញុំតបថា «មិនមកទេ រវល់ជាប់ជួបជាង។ នាំគ្នាញ៉ាំចុះ។ ខ្ញុំក៏អត់ឃ្លានដែរព្រោះទើបញ៉ាំអីហើយ»។ ខ្ញុំដឹង ការពិតវាជាការកុហក។ គាត់មិនបានញ៉ាំអីទេ តែខ្ញុំធ្វើជាមិនដឹងព្រោះបើជាខ្ញុំក៏ញ៉ាំមិនចូលដូចគ្នា។ ម៉ោង៩ រហូតម៉ោង ១០ ខ្ញុំនៅតែឃើញបងស្រីខ្ញុំអង្គុយចាំផ្លូវបងថ្លៃដដែលមិនក្រោកទៅណាសោះ ពេលនោះខ្ញុំក៏ទៅនិយាយលេងជាមួយគាត់។
«បងរ័ត្នមិនទាន់ងងុយទេ?» ខ្ញុំសួរគាត់អ្នកក្នុងផ្ទះតែងហៅគាត់ថាបងរត្ន័
«នៅទេ»។
«បងរ័ត្ននៅធ្វើអីយូរម្ល៉េះ? ចាំគាត់មែន? មិនបាច់ចាំទេដេកទៅ ថ្មើរនេះមិនមែនជាម៉ោងត្រលប់របស់គាត់ទេដេកសិនទៅ»។
ខ្ញុំដឹងថា គាត់ដេកក៏មិនលក់ដែរ តែគ្រាន់តែចង់ឲ្យគាត់បានតម្រង់ខ្នងខ្លះ។ ពួកយើងក៏នាំគ្នាចូលគេងរៀងៗខ្លួនអស់ទៅ។
ម៉ោងប្រហែលជា២ អធ្រាត្រ ខ្ញុំកំពុងតែលង់លក់ស្រាប់តែលឺសំឡេងជជែកគ្នាខ្លាំងចេញពីក្នុងបន្ទប់។ បន្ទាប់មកលឺសំឡេងប្រាវ! ប្រាវៗ!! ខ្ញុំក៏ស្ទុះឡើងទាំងអស់គ្នាមកដល់ទាន់។ អំពើហិង្សាពិតជាកើតមានមែន តែមិនប៉ះពាល់ធ្ងន់ធ្ងរដល់គាត់និងកូនទេ។ តែអនិច្ចាអើយ! ខ្លួនធ្វើខុសហើយពិតជាមិនដឹងខុសពិតមែន ដូចពាក្យចាស់លោកពោលមិនខុសទេថា កុំឲ្យឆ្កួតបី ឆ្កួតមួយព្រោះស្រី ឆ្កួតពីរព្រោះស្រា និងឆ្កួតបីដោយសារល្បែងស៊ីសង។ តែបងថ្លៃខ្ញុំឆ្កួតតែពីរទេគឺស្រី និងស្រាកែមិនបានឡើយ។ការហើយដំបូង បងស្រីខ្ញុំចុះចេញពីផ្ទះទៅចោលបងប្អូនទៅតាមគាត់រស់នៅផ្ទះម្ដាយក្មេក។ ឪពុកម្ដាយក្មេកអើយ! អើយម្ដាយក្មេកខ្ញុំលឺហើយខ្លាច បងថ្លៃក៏កំណាចមិនអាចរស់ជាមួយបានទេបងស្រីក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញ យើងគ្រប់គ្នានៅតែស្វាគមន៍ជានិច្ច។ ក្រោយមកទៀតគេក៏មកសុំទោសឪពុក ម្ដាយខ្ញុំនិងបងស្រីខ្ញុំដោយសន្យាត្រឹមត្រូវ។ ម្ដាយខ្ញុំ និងបងស្រីក៏ទន់ចិត្ត និងបានចូលលុយគ្នាទិញដីសង់ផ្ទះមួយឲ្យពួកគេនៅដាច់ដោយឡែក។
មិនបានប៉ុន្មានផង ពិធីជប់លៀងមានជាហូរហែមិនទំនេរសោះ។ គិតទៅមនុស្សលាបពណ៌ពិតជាមិនអាចសស្អាតដូចគេសពិតប្រាកដនោះទេ បីខែកន្លងផុតទៅវាប្រែជាខ្មៅដដែលដោយគេប្រាប់បងស្រីខ្ញុំថាគេមិនសប្បាយចិត្ត គេចង់ផឹករំសាយទុក្ខ។ ខ្ញុំក៏មិនដឹងថាគេមានទុក្ខអីដែរ។ ថ្ងៃស្អែកគេថា ថ្ងៃនេះគេសប្បាយចិត្តគេចង់ផឹក ថ្ងៃបន្ទាប់គេប្រាប់ទៀតថាចង់ផឹកព្រោះហូបបាយឆ្ងាញ់ បន្ទាប់មកទៀតគេប្រាប់ថា វិស្វករដូចគេជាសិស្សពូកែមិនផឹកនឹករកគូរអ្វីក៏មិនចេញដែរ រហូតដល់បងខ្ញុំមានកូនទីពីរអ្វីក៏ប្រែប្រួលទៅរកភាពដើមទាំងអស់ខ្មៅគឺនៅតែខ្មៅ។ ពេលនេះពណ៌ទាំងអស់រលុបអស់ហើយ រឿងចាប់ផ្ដើមមានសារជាថ្មី ពេលនោះម្ដាយរបស់ខ្ញុំបានដេញវិស្វករសំណង់ស៊ីវិលម្នាក់នោះចេញពីផ្ទះព្រោះគេជំពាក់ លុយអ្នកដទៃច្រើនណាស់យកទាំងផ្ទះដែលប៉ាម៉ាក់ និងបងស្រីខ្ញុំសន្សំលុយទិញចូលគ្នាយកទៅបញ្ចាំអស់ ព្រមទាំងឡាននិង ម៉ូតូមួយទៀតផង។ បន្ទាប់មកបងស្រីនាងខ្ញុំក៏មករស់នៅផ្ទះរបស់យើងវិញ ចំណែកឯ ផ្ទះឡាន និងម៉ូតូគឺត្រូវទូទាត់សងគេអស់ហើយ មិនមានសល់សូម្បីមួយសេនណាឡើយ។
ភាពជាស្ត្រីទាល់ច្រកមិនមានមុខរបរ និង មានទាំងកូនតូចនៅនិងដៃមិនមានចំណូលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់កូនឡើយ ណាមួយកូនតូចឈឺណាមួយកូនធំឈឺវាយ៉ាប់ខ្លាំងណាស់មានតែប្អូនហ្នឹងហើយម្នាក់ហុចបន្តិចៗតែប៉ុណ្ណោះ។ រហូតដល់កូនរៀងធំបន្តិច បងស្រីក៏ចាប់ផ្ដើមលក់បង្អែមនៅមុខផ្ទះ មិនបានប៉ុន្មានផងក៏លឺដំណឹងថាគេចង់មកហៅបងស្រីអោយទៅរស់នៅជុំគ្នាទៀត។ ម្ដងនេះទាំងខ្ញុំនិងប្អូនប៉ាម៉ាក់និងមិនព្រមជាដាច់ខាត បើគាត់ហ៊ានទៅយើងនឹងបញ្ចប់ទំនាក់ទំនងបងប្អូន ប៉ាម៉ាក់ជាមួយគាត់។ ពេលនោះជាពេលដែលគាត់ពិបាកសម្រេចចិត្តបំផុត បើសិនជាខ្ញុំក៏មិនដឹងគិតយ៉ាងណាដែរ ម្ខាងគ្រួសារ និងម្ខាងជាប្ដីនិងកូន។ គាត់មិនបានសុំម៉ាក់ទេគឺសុំខ្ញុំនិងប្អូនស្រីខ្ញុំម្នាក់ទៀតអោយអភ័យទោសអោយគាត់ផង គាត់មិនចង់ធ្វើបែបនេះទេតែគាត់មិនចង់អោយកូនអត់មានឪពុកហៅ ណាមួយគាត់ក៏មិនមានការងារធ្វើ និង មិនមានចំណូលទៀងទាត់។ គេសន្យាថាឈប់ហើយ រៀងហើយ បងស្រីក៏សម្រេចចិត្តជាថ្មីថាទៅតាមប្ដីវិស្វករសំណង់ស៊ីវិលរូបនោះទាំងគិតថា បុរសម្នាក់នោះមិនចោលគំនិតទេ។ តែបំណាច់ស្រលាញ់កូន និងប្ដី គាត់បានចាកចេញ ដោយមិនប្រាប់ពីទីតាំងដែលគាត់ បុរសម្នាក់នោះនិងកូនរស់នៅឡើយ។ តែក្រោយមកខ្ញុំនិងប្អូនស្រីលួចតាមដានដឹងគឺគាត់បាន ជួលផ្ទះនៅម្ដុំសន្ធរម៉ុកជិតផ្សារគីឡូលេខបួន (ផ្ទះលោកបូរីនជាមិត្តរបស់បុរសម្នាក់នោះ) គាត់ទៅរស់នៅទីនោះក្ដីសុខមានតែជាមួយកូនតែប៉ុណ្ណោះ។ មុនដំបូងគេចេះជួយធ្វើការងារផ្ទះខ្លះនិងមើលកូនព្រោះបងស្រីត្រូវទៅទិញម្ហូប និងធ្វើការងារផ្សេងគេមិនមានចំណូលទេបងខ្ញុំត្រូវឆ្លាត។ ពេលខ្ញុំដឹងថាបងនៅទីនោះគ្រប់គ្នាក៏ចេះតែលួចទៅជួបដំបូងមិនបានប្រាប់ម៉ាក់ទេ តែក្រោយមកម៉ាក់ចេះតែសួរពួកយើង ហើយយើងមិនសូវចេះកុហកទៀតអ្វីៗក៏ដឹងដល់ម៉ាក់។ គាត់ក៏មិនថាអីដែរ ខ្ញុំក៏បានប្រាប់ម៉ាក់ថា កុំលូកដៃរឿងគាត់អី ទុកអោយគាត់ជាអ្នកសម្រេចដោយខ្លួនគាត់ចុះព្រោះគាត់ជាអ្នករស់នៅមិនមែនយើងទេ។ ម៉ាក់ក៏សម្រេចតាមខ្ញុំ។
មិនបានប៉ុន្មានផង សក៏ចាប់ផ្ដើមរលុបម្ដងបន្តិចម្ដងៗ។ គេផឹកគេសប្បាយមកវិញគេរករឿង បើមិនរឿងនេះ រឿងនោះបើមិនអញ្ចឹងទេគឺគេបង្ខំអោយគេងជាមួយទាំងកូនយំមុខយំក្រោយ។ គេបានវាយបងខ្ញុំទាំងយប់អ្នកជិតខាងអ្នកណាក៏ដឹងហើយគេលួចប្រាប់ខ្ញុំ តែពេលខ្ញុំសួរបងខ្ញុំ គាត់ប្រាប់ថា រអិលធ្លាក់ជណ្ដើរទើបហើមមុខហើមមាត់បែបនេះ។ ក្រោយមកដោយសារគេខ្មាសអ្នកម្ដុំនោះ គេក៏បានប្ដូរផ្ទះទៅរស់នៅជិតតោពីរវិញ។ ការរស់នៅទីនោះបងស្រីចាប់ផ្ដើមទម្ងន់ជាថ្មីម្ដងទៀតមិនមានលុយយកចេញទេ គាត់ក៏ពិបាកចិត្តមិនដឹងគិតយ៉ាងម៉េចខ្ញុំក៏ឌុបគាត់ដើរលេង។ កាលណោះ សូម្បីតែលុយទិញកាហ្វេផឹកក៏សុំខ្ញុំដែរ ទាំងកាហ្វេ ទាំងបារី និងម្ហូប តែខ្ញុំមិនបានប្រាប់ម៉ាក់ទេ។ ពេលវេលាចេះតែកន្លងទៅ ពពោះក៏កាន់តែធំ គាត់ពិបាកចិត្តក៏រកគ្រូទាយ។ ពេលនោះគាត់មានលុយខ្លះវិញហើយ(ខ្ញុំមិនដឹងបានមកពីណាទេគឺប្ដីរកមកអោយ)។ គាត់គិតថាយកចេញដែរតែពេលដែលគាត់ចាប់ផ្ដើមមានទម្ងន់គឺជាពេល ដែលសិល្បករយើងម្នាក់ត្រូវគេសម្លាប់ល្មម ហើយគាត់ក៏មិនដឹងរឿងនោះដែរ។ តែគាត់បានយល់សប្ដិថាសិល្បកររូបនោះរត់ទៅសុំគាត់នៅព្រោះត្រូវគេតាមសម្លាប់ ហើយគាត់ក៏យល់ព្រម។ គាត់មានទម្ងន់ពីពេលនោះមក ហេតុនេះទើបគាត់គិតថាប្រហែលជាកូនស្រី។ គ្រូទាយថាកូននោះពិតជាកូនស្រី ទុកទៅជាការល្អព្រោះនឹងរកលុយកាក់បាន ឪពុកក៏អាចកែខ្លួនដែរ។ បងខ្ញុំរីករាយណាស់ ខ្ញុំក៏រីករាយដែរ។ បើសិនជាអញ្ចឹងមែនជាការប្រសើរណាស់ប្រសើរមែនទែន តែដោយសារនៅតែភ័យព្រោះខ្លាចថាកូននោះជាកូនប្រុសទៀត យើងក៏ទុក
រយៈពេលកន្លះខែទៀតដើម្បីតាមដាន ពេលវេលាពិតជាមិនខកការមែនបងខ្ញុំមានកូនគឺជាកូនស្រីដូចប្រាថ្នាក៏សម្រេចចិត្តទុកកូននោះលាក់ម៉ាក់ខ្ញុំនិងប្អូនៗរហូតជិតគ្រប់ខែទើបគ្រប់គ្នាដឹង។ ពេលកើតកូនហើយ គាត់ចេះតែមានរឿងរហូត។ ឃើញគាត់យ៉ាប់ពេក ខ្ញុំក៏សុំឲ្យម៉ាក់អោយគាត់ មកនៅផ្ទះវិញព្រោះបុរសម្នាក់នោះទៅខេត្តចោលបាត់ៗមិននៅថែប្រពន្ធកូនខ្ចីទេ។ ម៉ាក់ក៏យល់ព្រម។ គាត់ក៏មកនៅផ្ទះវិញ ដោយប្រាប់ថា និយាយគ្នាជាមួយប្ដីហើយថាមកនៅផ្ទះតែមួយរយៈប៉ុណ្ណោះ។ តាមពិត អ្នកជិតខាងបានលួចប្រាប់ខ្ញុំពេលដែលខ្ញុំទៅជញ្ជូនឥវ៉ាន់ថាគាត់ឈ្លោះគ្នាមានរឿងធំណាស់។ និយាយទៅ ខ្ញុំក៏សង្ស័យដែរ តែមិនហ៊ានសួរព្រោះខ្លាចគាត់ទាស់។ មួយរយៈនេះ បងខ្ញុំដូចជាអស់ចិត្តនិងឆ្អែត ព្រមទាំងដឹងខ្លួនខ្លះតែនៅតែចិត្តទន់ពេលគេចង់ឃើញកូន ក៏យកទៅអោយគេឃើញព្រោះគាត់នៅចាំពាក្យដែលគ្រូទាយ។
មួយរយៈពេលដែលបែកគ្នា បុរសរូបនោះទៅរស់នៅខេត្តសៀមរាប បានទៅបោកស្ត្រីមេម៉ាយម្នាក់ថា គេនៅកំលោះមិនប្រពន្ធកូនអីទេ។ ពេលនោះដំណឹងទាំងអស់ក៏បានលឺដល់បងស្រីខ្ញុំ គាត់ក៏ទៅរកតាមគេប្រាប់ដោយដៃម្ខាងបីកូនតូចនិងដៃម្ខាងទៀតស្ពាយបង្វេចទាំងដួងចិត្ត ឈឺដូចគេយកកាំបិតមកចិតបេះដូងម្ដងមួយចម្រៀកៗ ហើយបង្ហូរឈាមដាក់ព្រះធរណីទាំងកណ្ដាលថ្ងៃ។ ពេលបងស្រីជួបគេ គេនិយាយម៉េចដឹងអត់? គេថា គេទៅនៅទីនោះដោយសារគ្រួសារនោះជួយគេ។ មិនមាននរណាជាអ្នកជួយគេទេ។ កុំមកឆាឆៅគេ ទុកអោយគេមានក្តីសុខផង ហើយពេលណាគេការហើយមានលុយគ្រប់គ្រាន់គេនឹងយកលុយទាំងនោះទៅចិញ្ចឹមកូន។ «ចង់អោយកូនវេទនា? តិចអត់ទាំងអស់គ្នា!!» នេះជាសម្ដីរបស់គេ។ ពេលនោះមានអំពើហិង្សាកើតឡើងតែខ្ញុំមិននៅទីនោះទេ ខ្ញុំធ្វើការនៅខេត្តកំពង់ធំ។ បងខ្ញុំក៏ត្រលប់មកវិញតែមិនមកផ្ទះទេគឺនៅកំពង់ធំជាមួយខ្ញុំ។ ម៉ោងប្រហែល១១ថ្ងៃត្រង់គាត់មកដល់ដំរីជាន់ខ្លា ខ្ញុំក៏សុំគេចេញមុនម៉ោងដើម្បីដើរទៅយកគាត់។ ព្រះអើយ! ទឹកមុខស្លេកស្លាំង និងជាំខ្មៅនិងដិតដាមដោយទឹកភ្នែកស្រែកហៅខ្ញុំដោយសំឡេងខ្សាវៗ(ថា!ថា! មកនេះ)។ ខ្ញុំសម្លឹងទៅគាត់ តែគាត់មិនបានសម្លឹងតបមកវិញទេគឺគាត់បានអោនមុខចុះ និងបង្ហូរទឹកភ្នែក។ ខ្ញុំក៏មិនសួនាំអីដែរក៏ហៅគាត់ទៅផ្ទះដែលខ្ញុំជួលនៅជិតនោះនិងជួយទទួលយកកូន និងឥវ៉ាន់ខ្លះពីគាត់ដើម្បីសម្រាលទម្ងន់ខ្លះ។ ខ្ញុំមិនអាចជួយទទួលទុក្ខរបស់បានទេព្រោះគាត់មិនអាចអោយនរណាជួយគាត់បានទេ។ ពេលទៅដល់ខ្ញុំរកបាយម្ហូបអោយគាត់ញ៉ាំតែគាត់មិនចង់ ខ្ញុំក៏មើលកូនអោយគាត់។ ល្ងាចបន្តិច គាត់ក៏ស្រួលខ្លួនបន្តិចក៏ដើរមករកខ្ញុំនិងកូន ហើយបង្ហើរសំឡេងតិចៗថា៖
«ញ៉ាំបានៅ?»
«មិនញ៉ាំទេ ចាំញ៉ាំជាមួយបងរ័ត្នឯង»
គាត់ញ៉ាំមិនចូលទេ គាត់មិនស្រួលខ្លួន ខ្ញុំក៏ដើររកថ្នាំទាស់អោយគាត់ញ៉ាំព្រោះខ្លាចគាត់ទាស់។ ខ្ញុំក៏សួរគាត់នូវរឿងរ៉ាវទាំងអស់របស់គាត់។ គាត់ក៏បានប្រាប់សព្វគ្រប់។ ថ្ងៃបន្ទាប់ ខ្ញុំក៏ call ទៅស្ដីអោយបុរសនោះព្រោះបានវ៉ៃបងស្រីខ្ញុំនិងពោលពាក្យថោកទាប។ បងស្រីខ្ញុំមិនចង់បានលុយដែលបោកប្រាស់គេមកនោះទេ។
មួយរយៈមកប្រហែលជាស្ត្រីម្នាក់នោះអស់ចិត្ត គេក៏វិលមកយកបងស្រីខ្ញុំអោយ ទៅនៅជាមួយនៅខេត្តសៀមរាប ដោយមិនដឹងថានិយាយគ្នារថាម៉េចទេបងខ្ញុំក៏ទៅនៅជាមួយគេទៀត។ ពេលនេះក្នុងក្រុមគ្រួសារខ្ញុំមិនមានយោបល់ឬហាមឃាត់អីទៀតទេ ព្រោះគាត់សុំដើរលើផ្លូវជីវិតនេះដោយខ្លួនគាត់។ ពិតជាមានមែននារីដែលល្ងង់ និងស្មោះត្រង់បែបនេះ? បើមិនមែនជាបងខ្ញុំ ខ្ញុំអាចនឹងគិតផ្សេង។ តែនេះខ្ញុំឃើញ និងយល់ជ្រួតជ្រាបទឹកភ្នែករបស់គាត់មានរាប់លាន តំណក់ស្រក់ដោយសារបុរសមានចំណេះដឹងតែគ្មានវិចារណញ្ញាណជាប្តីនិងជាឪពុកទេ។
គេរៀនពូកណាស់តែមិនអាចទៅដកសញ្ញាប័ត្របានទេ។ គេសុភាពណាស់ នរណាមិនស្គាល់ ពិតជានិយាយថាគេដឹងចាស់ស្គាល់ទុំស្គាល់ស្រីស្គាល់ប្រុសស្គាល់គ្រូស្គាល់សិស្សស្គាល់មិត្តស្គាល់ភក្ត្រ។ តែពេលស្រាចូលខ្លួនហើយ ឪគ្រូអើយចង់ខ្លាំងប៉ុណ្ណាក៏អញហ៊ានវ៉ៃហ៊ានជេរដែរ។ ទឹកភ្នែកស្រក់ជ្រែកផែនថ្ពាល់មិនបានស្គាល់អីថាសុខ ជួបតែទុក្ខទុក្ខមិនស្រាកស្រាន្តគាត់ក៏សម្រេចចិត្តជាថ្មីវិល វិញរកទ្រនំចាស់ ដែលមានម្ដាយ និងប្អូនចាំឲ្យកម្លាំងចិត្ត។ លើកនេះបានយូរណាស់ជិត២ឆ្នាំ តែកម្មនៅតែមាន។ ខ្ញុំដឹងពេលដែលគេលួងបងស្រីម្ដងៗ គេតែងតែពោលពាក្យថាជាតិគេខុសច្រើនណាស់ចំពោះបងស្រីខ្ញុំ គេមិនមានបំណងអីទេគឺគ្រាន់តែចង់ជួបកូននិងអោយលុយខ្លះដើម្បីជួយចិញ្ចឹមកូនតែប៉ុណ្ណោះ។ ពាក្យទាំងនេះគ្រាន់តែជាពាក្យបោកបងស្រីដើម្បីយកទៅគេងជាមួយតែប៉ុណ្ណោះ ខ្ញុំដឹងថាបងខ្ញុំនៅតែស្រឡាញ់គេនិងមិនមាន គំនិតថាមួយជាតិនេះគាត់យកប្ដីពីរដែរ។ តែបុរសដែលជាវិស្វករសំណង់ស៊ីវិលរូបនោះមិនគិតដូច គាត់ទេថែមទាំងមិនចាប់អារម្មណ៍និងយល់ពីទឹកចិត្តរបស់គាត់ដែរ។
ក្រោយមកខ្ញុំដឹងថាបងស្រីខ្ញុំមានកូន ខ្ញុំក៏ថាអោយគាត់ហេតុអី បណ្ដោយអោយមានកូនទៀតបែបនេះ? កូនមុនដើមឆ្នាំ ចុងឆ្នាំឥឡូវមានទៀតមិនកើតទេ គិតមើលអោយច្បាស់? គាត់ចាប់ផ្ដើម ពិបាកចិត្តរឿងនេះទៀត ក្រោយមកគាត់ក៏សម្រេចចិត្តលេបថ្នាំទម្លាក់កូននោះចោលដោយយល់ថាអស់លុយតិច។ បុរសម្នាក់នោះពូកែ និយាយណាស់ហៅបងស្រីខ្ញុំអោយទៅយកលុយ១០០ដុល្លារទុកចិញ្ចឹមកូនបានបីថ្ងៃ call ហៅសុំខ្ចីលុយ៣០០ដុល្លារវិញព្រោះមានការចាំបាច់ខានមិនបានចាំគេអោយការប្រាក់។ បងខ្ញុំជាមនុស្សចិត្តទន់តែឆាប់ខឹងនិងងាយបាត់។ ក្រោយមកបងខ្ញុំក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺព្រោះ លេបថ្នាំមិនបានទៅជួបពេទ្យជំនាញ។ តាមពិតអ៊ំស្រីរបស់ខ្ញុំក៏ជាពេទ្យជំនាញខាងស្ត្រីដែរ តែគាត់ មិនហ៊ានទៅជួបទេព្រោះគាត់ ធ្លាប់ទៅអោយអ៊ំជួយទម្លាក់កូនប៉ុន្មាននាក់ហើយ។ នេះជាកម្ម? មុនដំបូងខ្ញុំមិនដឹងទេតែក្រោយមកខ្ញុំក៏បានដឹងខ្ញុំក៏នាំគាត់ទៅពេទ្យដោយលាក់មិនអ្នកណាម្នាក់នៅក្នុងផ្ទះដឹងទាំងអស់។ យើងទៅពេទ្យមិនមានលុយទេ តែខ្ញុំចាំបានថាគាត់បានcall ទៅឪពុកកូនក្នុងផ្ទៃដើម្បីទារលុយយកកូនចេញ។
ខ្ញុំដឹងថាគេយកលុយមកអោយបងស្រីខ្ញុំនៅពេលព្រឹក ដោយណាត់ជួបគ្នានៅហាងកាហ្វេទេពផនបងស្រីទៅទទួលលុយទាំងឈឺចំនួន៥០ដុល្លារ។ លុះថ្ងៃត្រង់ខ្ញុំក៏ចេញពីរៀនរួចណាត់គ្នាជាមួយមនុស្សស្រី ម្នាក់តែខ្ញុំមិនស្គាល់ថាគាត់ជានរណាទេតែគាត់ស្គាល់ច្បាស់ថាជាពេទ្យជំនាញ។ តាំងពីពេលនោះបងស្រីចាប់ផ្តើមជាដូចធម្មតាហើយសន្យាថាឈប់ទាក់ទងគេទៀតហើយ។ តែកម្មពៀរពិតជាមានមិនទាន់អស់ឡើយ។ គាត់ក៏សម្រេចចិត្តជាថ្មីទៅតាមគេជាលើកទី១០ ឬទី២០ ខ្ញុំរាប់មិនបានទេ ព្រោះបងខ្ញុំតែងតែផ្ដល់ឱកាសឲ្យបុរសរូបនោះជានិច្ច។ នៅទីនោះ បងខ្ញុំដើរតួជាអ្នករកស៊ីចិញ្ចឹម និងបម្រើកាមគុណអោយប្ដីដែលប្រមឹកម្នាក់។ ពេលនេះ គេធ្លាក់ខ្លួនដល់ថ្នាក់ផឹកស្រាសក៏បានដែរ។ ពេលណាបងស្រីរកបានច្រើន គេទារលុយផឹក Tiger, Angkor បន្ទាប់មកគឺស្រាសនេះឯង។ បងខ្ញុំប្រកបរបរលក់ចំណីអោយពួកជាប់គុកនៅលើភ្នំឯកំពង់សោម។ អស់សំណើចទេ? ថ្ងៃរកស៊ីចិញ្ចឹមយប់មកដល់ធ្វើបាយម្ហូប បំប៉នស្រាឲ្យប្ដី។ ដល់ពេលព្រលប់ចាប់បោកគក់ខោអាវរៀបចំផ្ទះ និងលួងកូនអោយគេង។ កូនមិនទាន់គេងអស់ផងដល់ម៉ោងបម្រើផ្លូវ ភេទប្ដីទៀត ពេលមិនព្រមគឺមានតែឈ្លោះគ្នាខ្មាសអ្នកស្រុកទាញមុងទាញកន្ទេលមិនអោយកូនគេង ភ្ញាក់យំឡូឡារពេញភូមិ។ បងស្រីខ្ញុំខឹងពេកទ្រាំមិនបានក៏ទាញកូនកាំបិតមកគំរាម ពេលនោះគេខឹងខ្លាំងណាស់ស្រែកថាប្រពន្ធចង់សម្លាប់ប្ដី ស្រីអីក៏សាហាវ យ៉ាងនេះ? ពេលនេះបងខ្ញុំចង់ត្រលប់មកវិញក៏មិនហ៊ានដែរ ព្រោះមុនទៅគ្រប់គ្នាបានប្រាប់រួចហើយ តែគាត់នៅតែអនុគ្រោះដល់ប្ដីម្នាក់នោះដដែល។
រឿងទាំងអស់បានបែកធ្លាយលឺដល់ម៉ាក់និងខ្ញុំព្រោះមីងនៅជិតនោះជាអ្នកជិតដិតនឹងក្រុមគ្រួសារខ្ញុំថែមទាំងជួយរកការងារអោយបុរសម្នាក់នោះធ្វើនិង ជួយអោយបងស្រីខ្ញុំអាចចូលលក់ក្នុងគុកទៀតផងហើយក៏ជា អ្នកធានាអោយបងទៅនៅទីនោះដែរ។ ម៉ាក់ក៏អោយខ្ញុំ callហៅអោយបងស្រីមកលេងផ្ទះព្រោះនឹក និងចង់ជួបក្មេងៗ។ គាត់ក៏មកតាមការស្នើរបស់យើង តែពេលមកលើកនេះ គឺគាត់មិនមានបង្វេចអ្វីទាំងអស់មានតែមួយសម្រាប់ជាប់នឹងខ្លួនប៉ុណ្ណោះ។ គាត់និយាយប្រាប់យើងថា រកមិនបានសោះចង់មករកស៊ីនៅភ្នំពេញវិញ។ យើងគ្រប់គ្នាក៏រីករាយ និងសប្បាយទទួលយកទាំងអស់ ទាំងម្ដាយ និងកូន។ ពេលវេលាក៏ចេះតែកន្លងហួសទៅពីមួយថ្ងៃទៅមួយថ្ងៃ គាត់ចាប់ផ្ដើមកត់ឆ្នោតនិងរាប់លុយអោយគេជារៀងរហូតមក។
ដល់ថ្ងៃទី០២ខែកុម្ភៈ ២០០៩ គឺជាថ្ងៃមង្គលការកូនអ៊ំស្រីខ្ញុំ ពួកយើងរៀបចំចាត់ចែងយ៉ាងសប្បាយរីករាយ មានទាំងកម្មវិធីរាំរែកក្នុងនោះក៏មានខ្ញុំរាំនិងគេដែរទោះខ្ញុំមានកូនហើយក៏ដោយតែខ្ញុំបានផ្ញើកូននិងម៉ាក់អោយជួយមើលអោយខ្ញុំរាំបទស្លូ និងបទញាក់ រាំវង់។ បងស្រីខ្ញុំគាត់ក៏រាំដែរមើលទៅគាត់ហាក់ដូចជាសប្បាយចិត្តណាស់ ពេលមិនបានប៉ុន្មានផង ពេលវេលាក៏ដល់ទីបញ្ចប់ទៅហើយទាំងយើងទាំងភ្ញៀវក៏រៀបចំមកផ្ទះវិញពេលមកដល់ផ្ទះ បងស្រីខ្ញុំបានពោលពាក្យថា(អស់កម្លាំងណាស់ )នេះជាភាសាដែលមនុស្សគ្រប់រូបនិយាយពេលដែលបានបំពេញភារអ្វីមួយហត់ក៏ និយាយបែបនេះទៅ គ្រប់គ្នាក៏មិនចាប់អារម្មណ៍អ្វីដែលព្រោះខ្ញុំក៏ហត់មិនបានញ៉ាំអីទេ ព្រោះមាននាទីជាអ្នកកត់ចំណងដៃ។ ពេលនោះពួក យើងក៏នាំគ្នារកកន្លែងគេងរៀងៗខ្លួនអស់ទៅរួមទាំងគាត់ដែរ។
ព្រឹកឡើងនាងខ្ញុំក៏រៀបចំខ្លួនមកបំពេញការងារ តែចេញមិនរួចសោះមិនដឹងជាយ៉ាងម៉េចចង់តែទៅបន្ទប់បងស្រីខ្ញុំ។ ពេលនោះខ្ញុំជៀស មិនរួចពីទៅបន្ទប់នោះទេព្រោះត្រូវទោះយកក្រែមលាបមាត់ពីបន្ទប់នោះ។ ពេលទៅដល់ខ្ញុំឃើញបងខ្ញុំឡើងស្លាំងនិយាយតិចៗប្រាប់ថា(មិនដឹងយ៉ាងម៉េចទេ អស់កម្លាំងងើបមិនរួចសោះ)។ ខ្ញុំក៏ទៅជិតគាត់ រួចនិយាយជាមួយគាត់ព្រោះស្ដាប់មិនសូវលឺថាម៉េច។ម៉េចក៏ស្លាំងម្ល៉េះ?បងរ័ត្ន ឯងកើតអីទេអ្ហី?(ចម្លើយគាត់ថាអត់ដឹង) ខ្ញុំក៏call ទៅសុំច្បាប់មេរួចក៏នាំគាត់ទៅជួបលោកគ្រូពេទ្យពិនិត្យមើលរកមូលហេតុ????
០៥/០២/២០០៩
លទ្ធផលមិនមានអ្វីទាំងអស់គឺ រង់ចាំការពិនិត្យរហូតខ្ញុំគិតថាបងស្រីខ្ញុំមិនស្រួលទេព្រោះនិយាយលែងចង់កើតទៅ ហើយ។ ពេទ្យពិនិត្យមកម្ដងម្នាក់ៗ តែមិននិយាយថាម៉េចពីជំងឺគាត់សោះគិតតែពីសួរមិនចេះចប់សោះខ្ញុំក៏call មកម៉ាក់សុំយកគាត់ទៅវៀតណាម ម៉ាក់ក៏យល់ព្រម។
ទៅដល់ប្រទេសវៀតណាម
ព្រឹកឡើងម៉ោង៥និង៣០នាទីនាងខ្ញុំបងស្រីខ្ញុំ និងគ្រួសាររបស់ខ្ញុំបានចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅប្រទេសវៀតណាមតាមរថយន្តក្រុងទុកអោយក្មេងៗ នៅជាមួយយាយ(ម៉ាក់របស់ខ្ញុំ) ក្នុងនោះមានកូនខ្ញុំមួយដែរទើបតែមានអាយុ៧ខែជាងតែប៉ុណ្ណោះ។ ខ្ញុំពិតជានឹកកូនខ្លាំងណាស់ហើយនេះក៏ជាលើកទីមួយហើយដែលខ្ញុំទៅចោលកូននោះ។ ខ្ញុំដឹងថ្វីត្បិតគេនៅក្មេងតែគេដឹងគេដឹងណាស់គេនឹកខ្ញុំ គេត្រូវការខ្ញុំព្រោះខ្ញុំជាអ្នកមើលថែគេដោយផ្ទាល់ដៃ។ ម្ដាយនិងកូនពិតជាមានអារម្មណ៍មិនខុសគ្នាប៉ុន្មានទេ។ ពេលទៅដល់ទីនោះដោយសារយើងមានស្គាល់ប្រជាជននៅទីនោះម្ល៉ោះហើយ អ្វីៗវាមិនសូវជាពិបាកទេយើងអាច ប្រើលុយកាក់ដែលមាននៅក្នុងដៃដើម្បីសម្រួលដល់ការងាររបស់យើងបានដោយមិនពិបាក។ យើងមិនមាននរណាម្នាក់ចេះនិយាយភាសាវៀតណាមនោះទេ ហើយប្រជាជនគេក៏មិនសូវជាមានអ្នកចេះនិយាយភាសាអង់គ្លេសដែរ ដូចនេះវិធីមានតែមួយគត់គឺជួលអ្នកបកប្រែ។ ទៅដល់ថ្ងៃទីមួយ យើងចូលមន្ទីរពេទ្យ ឯកជន (មិនចេះហៅជាភាសារបស់គេនោះទេ) ដោយមានពូម្នាក់ជាអ្នកសម្រួលគ្រប់បែបយ៉ាង។ រយៈពេល៤ម៉ោងគេពិនិត្យ ឃើញហើយអស់គេនិយាយប្រាប់ខ្ញុំថាគេមិនអាចព្យាបាលអ្នកជំងឺម្នាក់នេះបានទេ តែគាត់អាចបញ្ជូនទៅ មន្ទីរពេទ្យផ្សេងទៀតបានព្រោះជាមន្ទីរពេទ្យធំ គេមានអ្វីគ្រប់យ៉ាងទាំងអស់មិនមានខ្វះទេ។ ពេលនោះខ្ញុំពិតជាពិបាកចិត្តនឹកគិតអ្វីក៏មិនចេញ។ ទាំងខ្ញុំនិង គ្រួសារខ្ញុំក៏ឯកភាពចិត្តតាមការសម្រេចរបស់គេខ្ញុំបានជិះក្នុងរថយន្តសង្គ្រោះពីមន្ទីរពេទ្យឯកជនមួយនោះឆ្ពោះទៅមន្ទីរពេទ្យល្បីមួយផ្សេងទៀតមន្ទីពេទ្យ (ចារីយ៏)។ មួយជីវិតខ្ញុំ ខ្ញុំមិនដែលគិតថាខ្ញុំនិងបានស្គាល់មន្ទីរពេទ្យនេះទេ តែពេលនេះខ្ញុំមកដល់ទីនោះដោយមិនបានព្រាងទុក និងដោយមិនដឹងខ្លួន។ ពេលទៅដល់ទីនោះគេបានបញ្ជូនបងស្រីខ្ញុំចូលទៅ ក្នុងបន្ទប់សង្គ្រោះបន្ទាន់។
នៅទីនោះបន្ទប់សង្គ្រោះមួយមានអ្នកជំងឺជិត២០០ នាក់ដេករង់ចាំការសង្គ្រោះ។ គេពិនិត្យសារដើមវិញទាំងអស់។ ខ្ញុំបានឃើញគ្រប់ទិដ្ឋភាពទាំងអស់មានអ្នកហៀបនឹងដាច់ខ្យល់ មានអ្នកទ្រហោយំ មានគ្រប់ជាតិសាសន៏មាន គ្រប់វ័យ
គ្រប់ឋានៈ គ្រប់ប្រភេទជំងឺ។ នាងខ្ញុំឃើញបងស្រីបង្ហូរទឹកភ្នែកដោយភាពអស់សង្ឃឹមដៃគាត់ឡើងញ័រ ខ្លួនគាត់កាន់តែស្លេកស្លាំងដូចគ្មានឈាមសូម្បីបន្តិច។ ពេលនោះខ្ញុំពិតជាពិបាកព្រោះទីនោះគេមិនអនុញ្ញាតអោយមានអ្នកនៅចាំឡើយ។ តែខ្ញុំចេះតែលួចចូលទៅព្រោះខ្ញុំអាណិតបង មិនហ៊ាននៅឲ្យគាត់ម្នាក់ឯងទេ។ អ្នកសំអាតបានប្រដាប់ជូតរុញខ្ញុំអោយចេញ។ ខ្ញុំពិតជាគ្មានវិធីនោះទេ បងស្រីបានកាន់ដៃខ្ញុំយ៉ាងជាប់ ជាទីបំផុតខ្ញុំមានតែសំពះគេដើម្បីសុំនៅទីនោះបាន២នាក់បង។ អ្នកសំអាតម្នាក់នោះពិតជាចិត្តដាច់ណាស់មិនអនុគ្រោះចំពោះខ្ញុំ និងបងទេ។ គេនៅតែតាមដេញខ្ញុំចេញពីទីនោះឲ្យខានតែបាន តែខ្ញុំពិតជាមិនអាចចេញចោលបងបានទេ។ ខ្ញុំក៏ឈរនៅទីនោះដូចជាមនុស្សឆ្កួត មនុស្សគថ្លង់មិនខ្វល់ពីការទាញចេញរបស់គេនោះទេ។ បងស្រីគិតតែពីទាញដៃម្ខាងរបស់ខ្ញុំរួចបង្ហូរទឹកភ្នែក ដោយមិនបញ្ចេញសំឡេងនោះទេ។ ទឹកភ្នែកនេះជាតំណក់ទឹកភ្នែកដែលឈឺចាប់ ទឹកភ្នែកភ័យខ្លាច ព្រួយបារម្ភ ជាទឹកភ្នែកម្យ៉ាង ដែលអ្នកគ្រប់គ្នាមិនអាចយល់ឡើយ ជាតំណក់ទឹកភ្នែកដែលអ្នកនិពន្ធគ្រប់រូបក៏មិនអាចរៀបរាប់អស់។ ខ្ញុំដឹងថាបងស្រីភ័យខ្លាចស្លាប់នោះទីនោះព្រោះមិនមែនជាប្រទេសរបស់ខ្លួន ភ័យខ្លាចមិនបានជួបមុខបងប្អូន និងកូនៗ បារម្ភពីកូនមិនដឹងទៅជាយ៉ាងណា?
ទម្រាំរួចរាល់ដល់ម៉ោងជាង១០យប់ទើបយើងរកបន្ទប់គេងបាន។ បងស្រីត្រូវបានគេបញ្ជូនចូលបន្ទប់អ្នកជំងឺផ្នែកតម្រងនោម តែនៅជាប់តាមដានប្រភេទឈាមបន្តទៀតព្រោះបងស្រីអស់ឈាមពីខ្លួនហើយ តែគេមិនអាចបញ្ចូលជូនគាត់បានព្រោះក្នុងខ្លួនរបស់គាត់ ពិនិត្យមិនដឹងពីប្រភេទឈាមហើយមិនដឹងថាត្រូវបញ្ចូលឈាមប្រភេទណាជូនគាត់បានទេ។ នៅក្នុងបន្ទប់មានអ្នកជំងឺជាច្រើនដែលមិនអាចស្មានបាន។ គ្រែអ្នកជំងឺមួយមានអ្នកជំងឺគេងដល់ទៅ២ រឺ៣នាក់តាមប្រភេទជំងឺធ្ងន់ឬស្រាល។ គេអនុញ្ញាតអោយមាន អ្នកមើលថែតែម្នាក់ទេហើយអាចគេងបាននៅក្រោមគ្រែលើសពីនេះគេដេញចេញទាំងអស់។ គេចាក់សោអោយអ្នកជំងឺគេងមិនអាចចេញទៅណាបានទេ លុះដល់ម៉ោងបាយទើបយើងចេញមកអង្គុយលេងខាងក្រៅបាន ឬចូលទៅមើលបាន។ របបអាហារមានសម្រាប់អ្នកជំងឺគឺពេលព្រឹកបបរសជាមួយតៅហ៊ូចៀននិងទឹកស៊ីអ៊ីវ ថ្ងៃត្រង់មានបាយជាមួយត្រកួនស្ងោរ អាហារបែបនេះសូម្បីខ្ញុំមិនមែនអ្នកជំងឺក៏មិនអាចញ៉ាំបានដែរពិតជាមិនចេះញ៉ាំ មិនធ្លាប់ញ៉ាំទេដូចនេះខ្ញុំចេះតែលួចទិញចំណីផ្សេងៗអោយបងញ៉ាំទៅ។
បងស្រីត្រូវបានគេតាមដានជាហែហូររហូតដល់ដឹងថា ក្នុងខ្លួនរបស់គាត់សំបូរទៅដោយជាតិពុលមិនអាចបែងចែកប្រភេទឈាមបានទេ គេក៏មិនអាចបញ្ចូលបានភ្លាមៗបានព្រោះសូម្បីតែចំណីដែលគាត់ញ៉ាំទៅក៏ទៅជាជាតិពុលដែរ។ ខ្ញុំបានសួរពេទ្យ គេបានប្រាប់ថា បងស្រីបានញ៉ាំអាហារដែលមានសារជាតិពុលនេះយូរមកហើយ វាបានផ្ដុំពេញក្នុងខ្លួន និងទៅទុំនឹងកន្លែងណាមួយក្នុងខ្លួន។ គេនឹងព្យាយាមរកវា។
ថ្ងៃទី៧និង៨ ជាថ្ងៃសៅរ៍-អាទិត្យ គេមិនពិនិត្យទេលុះដល់ថ្ងៃ ទី៩វេលាម៉ោងប្រហែលជា៣ល្ងាចទើបគេប្រាប់ថា សារជាតិពលបានទៅទុំនៅនឹងឆ្អឹងដូចនេះវាបង្កបានជាប្រភេទជំងឺមួយគឺមហារីកខួរឆ្អឹង។ វាបានទៅធ្វើទុក្ខកន្លែងផ្សេងៗទៀតដូចជាតម្រងនោម ក្រពះអាហារ ពោះវៀនតូច ពោះវៀនធំ បេះដូងជា ពិសេសគឺឈាមនិងស្លាកែតសម្រាប់បង្កើតគ្រាប់ឈាមដែលខូចប្រហែលជា៧០% ទៅហើយ។ អ្វីៗពិតជាមិនអាចស្មាន។ ខ្ញុំជឿថា ប្រជាជនខ្មែរជាច្រើននឹងកើតជំងឺបែបនេះ ព្រោះអ្នកលក់អាហារមិនមានការយល់ដឹង លក់អាហារប្រើប្រាស់គ្រឿងផ្សំមិនបានត្រឹមត្រូវទេ។ បើគេចង់អោយអាហាររបស់គេឆ្ងាញ់គេបានបន្ថែមសារជាតិគីមីផ្សេងៗដើម្បីបំពេញបន្ថែម ដូចជាធ្វើអោយសាច់ផុយ បន្លែផ្លែឈើទុកបានយូរ ឆាប់ធំ ឆាប់ទុំ។ល។
គ្រូពេទ្យចាប់ផ្ដើមព្យាបាលដោយអោយគាត់លេបថ្នាំប្រភេទគីមីយ៉ាងដើម្បីទប់ស្កាត់ និងព្យាបាលតម្រងនោម។ បញ្ចូលឈាមពេលនោះគេទារថ្លៃ៣ម៉ឺនដុល្លារសម្រាប់កាព្យាបាល ពួកយើងពិតជាមិនមានលទ្ធភាពឡើយ ព្រោះម្នាក់ៗជាប់លុយទាំងអស់ ម៉ាក់ក៏មិនសូវមានលុយដែរ។ ពេលនោះយើងក៏សម្រេចយកគាត់មកភ្នំពេញវិញ ព្រោះមានកាអះអាងថាប្រទេសយើងក៏អាចធ្វើបាននិងព្យាបាលបានដូចគេដែរ ហើយអស់តម្លៃថោកជាង។ ខ្ញុំនិងប្ដីគិតថាបើដូចនេះមែនក៏ល្អដែរព្រោះ៖
១-យើងបាននៅជិតផ្ទះមានការណ៍អ្វីវាងាយស្រួលសម្រេចព្រោះយើងនៅជុំគ្នា
២-ខ្ញុំនិងប្ដីក៏ជិតដល់ថ្ងៃចូលធ្វើការវិញដែរ
៣-គាត់មិនព្រមនៅជាមួយនរណាទាំងអស់លើកលែងតែខ្ញុំនិងប្ដីខ្ញុំ
៤-យើងក៏អាចជួយចែករំលែកគ្នាមើលបានព្រោះវាជិតផ្ទះ
៥- សោហ៊ុយក៏មិនសូវចុះថ្លៃពេទ្យក៏ថោកសមរម្យ តែពិបាកម៉្យាងគឺ ពិបាករឿងគោលនយោបាយក្រៅផ្លូវការប្រជាជនទាំងអស់ប្រាកដជាដឹងនិងយល់ថាយ៉ាងម៉េច។
៦-ពេទ្យនៅទីនោះក៏មិនប្រាកដថាអាចមើលជាបាន១០០% បានដែរ។
៧-បើយ៉ាងម៉េចយើងអាចសល់លុយខ្លះដើម្បីទុកសម្រាប់ជួយក្មេងអោយរៀនបានចប់ចុងចប់ដើមដែរ។
ដូច្នេះខ្ញុំនិងប្តីព្រមទាំងក្រុមគ្រួសារក៏បានសំរេចចិត្តយកគាត់មកភ្នំពេញវិញដោយមានការព្រមព្រៀងពីគាត់ដែរ៕