សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Tuesday, July 26, 2016

ជា​កម្ម​ខ្ញុំ ​រៀបការ​ប៉ះ​ប្តី​​ជា​អ្នក​ចេះ​ដឹងតែ​គ្មាន​ទំនួល​ខុសត្រូវ​

ចូល​ដល់​វ័យ​២៥ឆ្នាំ​ បុរស​ម្នាក់​ដែល​តែងតែ​មក​ពិសា​កាហ្វេ​ និង​ អង្គុយ​​​​កាន់​កន្ទុយ​បារី​នៅ​ក្នុង​ដៃ​ ជា​រៀងរាល់​ថ្ងៃ​ ​​​មួយ​ថ្ងៃ​៣​ដង​មិន​មាន​ខ្វះ​ ​​​វ័យ​៣៥ឆ្នាំ​បាន​សារភាព​សុំ​ស្រឡាញ់​ ​​​​​​និង​ រៀបការ​ដោយ​អោយ​ចាស់ទុំ​មក​សួរ​នាំ​តាម​ប្រពៃណី​តែ​អ្វី​ដែល​គួរ​អោយ​សោកស្ដាយ​គឺ​ គេ​បាន​លាក់​កំបាំង​នូវ​រឿង​មួយ​ដ៏​គួរ​អោយ​ឈឺចាប់​​ដែល​ស្ត្រី​គ្រប់​រូប​មិន​អាច​ទទួល​យក​បាន​ (​គេ​ប្រាប់​ក្រុម​គ្រួសារ​យើង​ថា​គេ​ជា​ក្មេង​កំព្រា​មិនមាន​ឪពុក​ម្តាយ​ គឺ​រស់នៅ​ជាមួយ​ម្ដាយ​ធម៌​ជា​ស្ត្រី​មេម៉ាយ​និង​ជា​អ្នកមាន​ស្ដុកស្ដម្ភ នៅ​ម្ដុំ​សំណង់​ ១២​)​ តែ​ពេលនេះ​គាត់​បាន​លាចាក​លោក​​​នេះ​ទៅ​ហើយ​​ហើយ​នាង​ខ្ញុំ​ក៏​​​សូម​អហោសិកម្ម​​​ត្រឹម​នេះ​ចុះ។ ​​ដោយសារ​ការ​ជឿ​ និង ​​​​​​​ទុកចិត្ត​ពិធី​មង្គលការ​ក៏​បាន​រៀបចំ​ឡើង ​យ៉ាង​សប្បាយ​រីករាយ​រហូត​ដល់​ពេល​កាត់​ចំណងដៃ​ស្រាប់​តែ​មាន​ការ​ចូលរួម​ពី​ម្ដាយ​បង្កើត​ ​​​និង​ ​​បង​ប្អូន​ខាង​ប្រុស​យ៉ាង​ច្រើន​ ​ ព្រម​ទាំង​មាន​ពាក្យ​​និយាយ​ខ្សឹបខ្សៀវ​ពី​ភ្ញៀវ​ខាង​ប្រុស​ថា​គេ​គឺជា​បុរស​ពោះម៉ាយ​​ ដែល​មិន​មាន​កូន​ជាប់​ដៃ​ជើង​ហើយ​បាន​លែងលះ​គ្នា​ដោយ​មិន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ។ ​​​​​ ទាំង​ម្ដាយ​ខាង​ស្រី​និង​ភ្ញៀវ​ចូលរួម​មួយ​ចំនួន​ ​​ជា​ពិសេស​ស្ត្រី​វ័យ​២៥​ឆ្នាំ​ក៏​​​​ចាប់ផ្ដើម​ត្រជាក់​ចុង​ដៃ​ចុង​ជើង​តែ​ទោះ​ជា​យ៉ាង​ណា​នាង​ក៏​នៅ​តែ​បំពេញ​តួនាទី​ជា​កូន​ក្រមុំ ​ដដែល​មិន​មាន​អាក់​ខាន​ទេ​។

LOVES11-LON-JADINA-PHOTO
 រូបតំណាង
ក្រោយ​ពិធី​មង្គល​បាន​ចប់​សព្វ​គ្រប់​យើង​ក៏​បាន​ធ្វើការ​សម្រុះសម្រួល​គ្នា​ និង​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ម្ដាយ​ខាង​ស្រី​រហូត​ដល់​បង​ស្រី​មាន​គភ៌។ ​ជីវិត​ពិតជា​ពិបាក​ និង​មិន​អាច​តវ៉ា​នឹង​ព្រហ្មលិខិត​បាន​មែន។ ​​ អ្វី​ដែល​ស្មាន​មិន​ដល់​គឺ​ពិត​ជា​កើត​មាន​ចំពោះ​គាត់​ដែល​ជា​ស្ត្រី​រងគ្រោះ​ដោយ​ មិន​ដឹង​ខ្លួន។ ​​​​​​​រតនា​ខិតខំ​បំពេញ​តួនាទី​ជា​ភរិយា​យ៉ាង​សក្ដិសម​ទាំង​ការងារ​ក្នុង​ផ្ទះ​ និង​ការងារ​រកស៊ី​ចិញ្ចឹម​ជីវិត​ព្រោះ​​ស្វាមី​ដែល​ជា​វិស្វករ​សំណង់​​​​ស៊ីវិល​ម្នាក់​នោះ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​គ្រប់គ្រាន់​នោះ​ទេ ​ដូច​​​​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា​(​ទុក្ខ​ស្រី​ប្ដី​កាន់​លុយ​)។​ តាំង​តែ​ពី​ចាប់ដៃ​គ្នា​មក ​​​​គ្មាន​​ពេលណា​​​ដែល​រតនា​​​​ស្គាល់​លុយ​ពាន់​ (ដុល្លារ)​​ ​​នោះ​ថា​ម៉េច​ទេ ​​​​ទោះ​ជា​​នាង​​​​បាន​លក់​អស់​គ្រឿង​អលង្ការ ​និង​ ​​​សម្ភារៈ​ជាច្រើន​អោយ​គេ​ក៏​ដោយ​​​​​ក៏​មិន​ដែល​ឃើញ​មាន​វិលត្រឡប់​មក​វិញ​​ជា​លុយ​​​ឬ​ ​ការ​ចំណេញ​ពី​ការ​រកស៊ី​របស់​គេ​នោះ​ដែរ។​

គេ​ដើរ​បាត់ៗ​ពី​​ផ្ទះ​និង​ផឹក​ស៊ី​ជា​រៀងរាល់​ថ្ងៃ​មិន​ដែល​គិត​ថា​រតនា​ កំពុង​ពពោះ​កូន​របស់​គេ​ក្នុង​ផ្ទៃ​ទេ។ ​​​​រាល់​ល្ងាច​ពេល​ចប់​តួនាទី​ជា​ប្រពន្ធ​​​​រៀបចំ​​បាយ​ទឹក​និង​ឆុង​កាហ្វេ​ហើយ​ ​​​​រតនា​នៅ​មាន​តួនាទី​មួយ​ថ្មី​ទៀត​គឺ​ អោប​កូន​ក្នុង​ពោះ​ដើរ​រក​ស្វាមី​ដែល​កំពុង​​បំពេញ​​​ការងារ​យ៉ាង​មមាញឹក​​ជាមួយ​​ វិស្វករ​សំណង់​ដទៃ​ទៀត ​គ្រូ​ ​​និង​ស្រី​ស្រា​តាម​ហាង​ស៊ុប​គ្រប់​ច្រកល្ហក។​

នៅ​ថ្ងៃសៅរ៍​មួយ​​ក្នុង​នាម​ខ្ញុំ​ជា​សិស្ស​មិន​សូវ​ល្អ​របស់​សាលា​ភាសា​ នាង​ខ្ញុំ​មិន​បាន​ចូល​រៀន​ទេ​គឺ​ជិះ​ម៉ូតូ​ឆាលី​ពណ៌​ស​ដ៏​ស្អាត​អត់​ស្តុប​ និង​ កំពិត​កន្ត្រក​របស់​ខ្ញុំ​ទៅ​ម្ដុំ​ផ្សារ​ដើម​គ​ដើម្បី​ទិញ​ម្ជូរ​ទុក​ញ៉ាំ​ នៅ​ថ្ងៃអាទិត្យ​ជុំគ្នា​ណាមួយ​បង​ស្រី​ក៏​គាត់​ចូលចិត្ត​ដែរ​ព្រោះ​គាត់​ កំពុង​មាន​ផ្ទៃពោះ​ស្រាប់។ ​​​​ជិះ​បណ្ដើរ​នឹក​គិត​បណ្ដើរ​មិន​ដឹង​ជា​រឿង​អី​ខ្លះ​នោះ​ទេ​ ស្រាប់​តែ​ខ្ញុំ​ក្រឡេក​ឃើញ​បងស្រី​របស់​ខ្ញុំ។​​​ឱ ​​​ពុទ្ធ​​​​ជា​ម្ចាស់!​​​បងស្រី​របស់​នាង​ខ្ញុំ​ពពោះ​ធំ​ជាង​បាត​លោក​ បាន​ជិះ​ម៉ូតូ​ឌុប​មក​ឈប់​​​​មុខ​ហាង​មួយ​ដែល​សំបូរ​ទៅ​ដោយ​ភ្ញៀវ​ និង​ស្រី​​ស្អាត​ កំពុង​លើក​កែវ​ជុល​​​​បង្ហាញ​ភាព​សង្ហា​និង​ការ​​​សប្បាយ​របស់​គេ​គ្រប់គ្នា​ ដោយ​មិន​គិត​និង​ខ្វល់​ពី​អ្វី​ទាំង​អស់។​​​ តែ​ខ្ញុំ​បែរ​ជា​ខ្វល់​នឹង​នារី​ម្នាក់​ដែល​ដើរ​ឆ្លង​កាត់​ថ្នល់​ដ៏​ធំ ​និង​​​ ​សំបូរ​ទៅ​ដោយ​​​រថយន្ត​​ ​​និង​ម៉ូតូ​តូច​ធំ​កំពុង​​​ធ្វើ​ដំណើរ​យ៉ាង​ខ្វាត់ខ្វែង។​​ ​​​ម្នាក់ៗ​ហាក់​ដូចជា​ប្រញាប់​ណាស់​ដោយ​មិន​បង្អង់​អោយ​គាត់​ឆ្លង​ផ្លូវ​បាន​ដោយ​ងាយ​នោះ​ទេ។​​ ​គាត់​ដើរ​​​​​សំដៅ​ទៅ​តុ​មួយ​ដែល​មាន​មនុស្ស​ប្រុស​ស្រី​អង្គុយ​កៀកកើយ​ជិត​គ្នា​​ជា​​គូ​ៗ ​និង​បញ្ចេញ​កាយវិការ​ហាក់​ដូច​ជា​នឹក​គ្នា​ព្រោះ​បើក​គ្នា​យូរ​​​​ខ្លាំង​ណាស់​​អីចឹង។​ ​​បង​ស្រី​ដើរ​មួយៗ​ទាំង​ដៃ​ញ័រ​​​ ​​និង​បេះដូង​​​​ស្ទើរ​លោត​​​​​ចេញ​ពី​ក្នុង​ខ្លួន​កែវភ្នែក​ក្រហម​ជ្រាល​បញ្ចេញ​តំណក់​ទឹក​ប្រៃ​តិចៗ​​បាន​​​​និយាយ​ មួយៗ​ថា​​ «តើ​ពេលណា​ទើប​ការងារ​នេះ​ចប់​?​ហើយ​ថ្ងៃនេះ​បង​និង​ចូល​ផ្ទះ​ម៉ោង​ប៉ុន្នាន?»​ ពេល​នោះ​ចម្លើយ​ពិត​ជា​មិន​មាន​ឡើយ​សម្រាប់​គាត់​ ​​​មាន​តែ​កាយវិការ​ដ៏​ស្មោកគ្រោក​​​​បង្ហាញ​​​​ភាព​ខឹង​ក្រេវក្រោធ​បំផុត​​របស់​គេ​ ដោយ​​​​លើក​​យក​កៅអី​ដែល​គេ​អង្គុយ​បោក​ និង​ដើរ​ចេញ​ទៅ​បាត់​មិន​ខ្វល់​ពី​សំណួរ​និង​សុវត្ថិភាព​របស់​គាត់​សូម្បី​បន្តិច។​

គាត់​បាន​ឈ្ងោក​មុខ​​​​​​​ ​​​សម្រក់​​ទឹកភ្នែក​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់។​​​ ចំណែក​អ្នក​ដែល​រួម​តុ​ទាំងនោះ​ម្នាក់ៗ​​​រូតរះ​​​​គិត​លុយ​រត់​យក​រួច​ខ្លួន​​​បាត់​អស់​​ ​​​ ​​​​​ដោយ​ទុក​អោយ​គាត់​ឈរ​យំ​អោប​ពោះ​ទាំង​ឈឺចាប់។​​នាង​ខ្ញុំ​បាន​អែប​ម៉ូតូ​ទៅ​ជិត​ហាង ​និង​ដាក់​វា​នៅ​ជិត​នោះ ​​​​រួច​ដើរ​ទៅ​ដឹក​ដៃ​គាត់​មក​ក្រៅ។​ ​​​​​​ពេលនោះ​គាត់​មាន​អារម្មណ៍​ភ្ញាក់ ​និង​ងាក​មក​មើល​ខ្ញុំ​ទាំង​ទឹកភ្នែក​សស្រាក់​ហើយ​វាចា​ថ្នមៗ​ថា​​ «កុំ​ប្រាប់​ម៉ាក់​លឺ​ទេ?» ​​នាងខ្ញុំ​បាន​ងក់​ក្បាល​ដោយ​មិន​មាន​វាចា​អ្វី​ទាំងអស់។ ​​​​​ ខ្ញុំ​ក៏​ឌុប​គាត់​​​​មើល​គេ​មើល​ឯង​រហូត​ភ្នែក​គាត់​មើល​ទៅ​​​លែង​ក្រហម​ទើប​យើង​នាំ​គ្នា​​ត្រឡប់​ទៅ​ផ្ទះ​វិញ។​ ​​ ពេល​ទៅ​ជិត​ដល់​ផ្ទះ​ខ្ញុំ​ឈប់​អោយ​គាត់​ចុះ​ពី​ចម្ងាយ​ដើម្បី​កុំ​អោយ​អ្នក​ផ្ទះ​ដឹង​ថា​យើង​មក​ជាមួយ​គ្នា ​និង​សួរ​​​ជីក​ឫស​ជីក​គល់​។ ​​​​​


​​ម៉ោង​ប្រមាណ​​​ជាង​៨​យប់​ ក្រុម​គ្រួសារ​ចាប់ផ្ដើម​រៀប​បាយ​តែ​មិន​មាន​មុខ​បងថ្លៃ​ទេ​ ​ទើប​​​គ្រប់​គ្នា​សួរ​ដោយ​ចម្ងល់ «នឹង ​(បងថ្លៃ​ប្រុស)​ ​មិន​មក​ញ៉ាំ​បាយ​ទេ?​» បង​ស្រី​ខ្ញុំ​តប​ថា «​មិន​មក​ទេ​ ​រវល់​ជាប់​ជួប​ជាង។​ នាំគ្នា​ញ៉ាំ​ចុះ។​ ខ្ញុំ​​ក៏​អត់​ឃ្លាន​ដែរ​ព្រោះ​ទើប​ញ៉ាំ​អី​ហើយ»។​​ ខ្ញុំ​ដឹង ​​​ការ​ពិត​វា​​ជា​ការ​កុហក​​​​​។​ ​គាត់​មិន​បាន​ញ៉ាំ​អី​ទេ​ តែ​ខ្ញុំ​ធ្វើ​ជា​មិន​ដឹង​ព្រោះ​បើ​ជា​ខ្ញុំ​ក៏​ញ៉ាំ​មិន​ចូល​ដូចគ្នា។ ​​​ម៉ោង​៩​ រហូត​ម៉ោង ១០​​ ​ខ្ញុំ​នៅ​តែ​ឃើញ​បងស្រី​ខ្ញុំ​អង្គុយ​ចាំ​ផ្លូវ​បង​ថ្លៃ​ដដែល​មិន​ក្រោក​ទៅ​ណា​សោះ​ ពេល​នោះ​ខ្ញុំ​ក៏​ទៅ​និយាយ​លេង​ជាមួយ​គាត់​។​

«បង​រ័ត្ន​មិន​ទាន់​ងងុយ​ទេ?» ​​ខ្ញុំ​សួរ​គាត់​អ្នក​ក្នុង​ផ្ទះ​តែង​ហៅ​គាត់​ថា​បង​រត្ន័
«​នៅ​ទេ​»។​​
«បង​រ័ត្ន​​នៅ​ធ្វើ​អី​យូរ​ម្ល៉េះ?​ ​ចាំ​គាត់​មែន​?​ មិន​បាច់​ចាំ​ទេ​ដេក​ទៅ​ ថ្មើរ​​នេះ​មិនមែន​ជា​ម៉ោង​ត្រលប់​របស់​គាត់​ទេ​ដេក​សិន​ទៅ»។
ខ្ញុំ​ដឹង​ថា​ ​​​គាត់​ដេក​ក៏​មិន​លក់​ដែរ​ តែ​​​គ្រាន់​​តែ​ចង់​ឲ្យ​គាត់​បាន​តម្រង់​ខ្នង​ខ្លះ។​ ពួក​យើង​ក៏​នាំគ្នា​ចូល​គេង​រៀងៗ​ខ្លួន​អស់​ទៅ។

​​​ម៉ោង​ប្រហែល​ជា​២ ​អធ្រាត្រ​ ខ្ញុំ​កំពុង​តែ​លង់លក់​ស្រាប់​តែ​លឺ​សំឡេង​ជជែក​គ្នា​ខ្លាំង​ចេញ​ពី​ក្នុង​បន្ទប់។​​​ បន្ទាប់​មក​លឺ​សំឡេង​ប្រាវ​! ប្រាវ​ៗ​!!​ ​​​ខ្ញុំ​ក៏​ស្ទុះ​ឡើង​ទាំងអស់​គ្នា​​​មក​ដល់​ទាន់។ ​អំពើ​ហិង្សា​ពិតជា​កើត​មាន​មែន​ ​តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គាត់​និង​កូន​ទេ។​​ តែ​អនិច្ចា​អើយ! ​ខ្លួន​ធ្វើ​ខុស​ហើយ​ពិតជា​មិន​ដឹង​ខុស​ពិត​មែន​ ដូច​ពាក្យ​ចាស់​លោក​ពោល​មិន​ខុស​ទេ​ថា​ កុំ​ឲ្យ​​ឆ្កួតបី​ ឆ្កួត​មួយ​​​​ព្រោះ​​ស្រី​​ ​ឆ្កួត​ពីរ​​ព្រោះ​ស្រា ​និង​​ឆ្កួត​បី​​ដោយសារ​​ល្បែង​ស៊ីសង។​ តែ​បង​ថ្លៃ​ខ្ញុំ​​​​ឆ្កួត​តែ​ពីរ​ទេ​​គឺ​ស្រី​ និង​ស្រា​​​​កែ​មិនបាន​ឡើយ។​​​​ការ​ហើយ​ដំបូង​ បងស្រី​ខ្ញុំ​ចុះចេញ​ពី​ផ្ទះ​ទៅ​ចោល​បង​ប្អូន​ទៅ​តាម​គាត់​​​រស់នៅ​ផ្ទះ​ម្ដាយ​ក្មេក។ ​​​​ឪពុកម្ដាយ​ក្មេក​អើយ​! អើយ​ម្ដាយ​ក្មេក​​ខ្ញុំ​លឺ​ហើយ​ខ្លាច ​បង​ថ្លៃ​ក៏​កំណាច​មិន​អាច​រស់​ជាមួយ​បាន​ទេ​បង​ស្រី​ក៏​សម្រេច​ចិត្ត​ត្រឡប់​មក​ផ្ទះ​វិញ​ យើង​គ្រប់​គ្នា​នៅ​តែ​ស្វាគមន៍​ជានិច្ច។ ​​​ក្រោយ​មក​ទៀត​គេ​ក៏​មក​សុំទោស​ឪពុក​ ម្ដាយ​ខ្ញុំ​និង​បងស្រី​ខ្ញុំ​ដោយ​សន្យា​ត្រឹមត្រូវ។​ ​​​ម្ដាយ​ខ្ញុំ​​ និង​បង​ស្រី​ក៏​ទន់​ចិត្ត ​និង​បាន​ចូល​លុយ​គ្នា​ទិញ​ដី​​សង់​​ផ្ទះ​មួយ​ឲ្យ​ពួកគេ​នៅ​ដាច់​ដោយ​ឡែក។

​​​​​មិន​បាន​ប៉ុន្មាន​ផង ​ពិធី​ជប់លៀង​មាន​ជា​ហូរហែ​មិន​ទំនេរ​សោះ។ ​គិត​ទៅ​មនុស្ស​លាប​ពណ៌​ពិតជា​មិន​អាច​ស​ស្អាត​ដូច​គេ​ស​ពិត​ប្រាកដ​នោះ​ទេ​​ បី​ខែ​កន្លង​ផុត​ទៅ​វា​ប្រែ​ជា​ខ្មៅ​ដដែល​ដោយ​គេ​ប្រាប់​បងស្រី​ខ្ញុំ​ថា​គេ​មិន​សប្បាយ​ចិត្ត ​គេ​ចង់​ផឹក​រំសាយ​ទុក្ខ។ ​​ខ្ញុំ​ក៏​មិន​ដឹង​ថា​គេ​មាន​ទុក្ខ​អី​ដែរ។​​ ថ្ងៃស្អែក​គេ​ថា​ ថ្ងៃ​នេះ​គេ​សប្បាយ​ចិត្ត​គេ​ចង់​ផឹក​ ​​​ថ្ងៃ​បន្ទាប់​គេ​ប្រាប់​ទៀត​ថា​ចង់​ផឹក​ព្រោះ​ហូប​បាយ​ឆ្ងាញ់​ ​​បន្ទាប់​មក​ទៀត​គេ​ប្រាប់​ថា​ វិស្វករ​ដូច​គេ​ជា​សិស្ស​ពូកែ​មិន​ផឹក​នឹក​រក​គូរ​អ្វី​ក៏​មិន​ចេញ​ដែរ​ ​រហូត​ដល់​បង​ខ្ញុំ​មាន​កូន​ទី​ពីរ​អ្វី​ក៏​ប្រែប្រួល​ទៅ​រក​ភាព​ដើម​ទាំងអស់​ខ្មៅ​គឺ​នៅ​តែ​ខ្មៅ។ ​ពេល​នេះ​ពណ៌​ទាំងអស់​រលុប​អស់​ហើយ​ រឿង​ចាប់ផ្ដើម​មាន​សារជាថ្មី​ ពេល​នោះ​ម្ដាយ​របស់​ខ្ញុំ​បាន​ដេញ​វិស្វករ​សំណង់​ស៊ីវិល​ម្នាក់​នោះ​​​ចេញ​ពី​ផ្ទះ​ព្រោះ​គេ​​​​​ជំពាក់ លុយ​​អ្នក​ដទៃ​ច្រើន​ណាស់​យក​ទាំង​ផ្ទះ​ដែល​ប៉ា​ម៉ាក់ ​និង​​​បងស្រី​ខ្ញុំ​សន្សំ​លុយ​​​​ទិញ​ចូល​គ្នា​យក​ទៅ​បញ្ចាំ​អស់​ ​​​ព្រម​ទាំង​ឡាន​និង​ ម៉ូតូ​មួយ​ទៀត​ផង។ ​​បន្ទាប់​មក​បងស្រី​នាងខ្ញុំ​ក៏​មក​រស់​នៅ​ផ្ទះ​របស់​យើង​វិញ​ ចំណែក​ឯ​ ផ្ទះ​ឡាន​ និង​ម៉ូតូ​គឺ​ត្រូវ​ទូទាត់​សង​គេ​អស់​ហើយ ​មិន​មាន​សល់​សូម្បី​មួយ​សេន​ណា​ឡើយ។​

ភាព​ជា​ស្ត្រី​ទាល់​ច្រក​មិន​មាន​មុខរបរ ​និង​ មាន​ទាំង​កូន​តូច​នៅ​និង​ដៃ​​​​មិន​មាន​ចំណូល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​កូន​ឡើយ​ ណាមួយ​កូន​តូច​ឈឺ​ណា​មួយ​កូន​ធំ​ឈឺ​វា​យ៉ាប់​ខ្លាំងណាស់​មាន​តែ​ប្អូន​ហ្នឹង​​​ហើយ​ម្នាក់​ហុច​បន្តិចៗ​តែ​ប៉ុណ្ណោះ។ ​​​​រហូត​ដល់​កូន​រៀង​ធំ​បន្តិច ​បង​ស្រី​ក៏​ចាប់​ផ្ដើម​លក់​បង្អែម​នៅ​មុខ​ផ្ទះ​ មិន​បាន​ប៉ុន្មាន​ផង​ក៏​លឺ​ដំណឹង​ថា​គេ​ចង់​មក​ហៅ​បងស្រី​អោយ​ទៅ​រស់នៅ​ជុំ​គ្នា​ទៀត។​ ម្ដង​នេះ​ទាំង​ខ្ញុំ​និង​ប្អូន​ប៉ាម៉ាក់​និង​មិន​ព្រម​ជា​ដាច់ខាត​ បើ​​គាត់​ហ៊ាន​ទៅ​យើង​នឹង​បញ្ចប់​ទំនាក់ទំនង​​​បងប្អូន​​ ប៉ា​​ម៉ាក់​​ជាមួយ​គាត់។​ ពេល​នោះ​ជា​ពេល​ដែល​គាត់​ពិបាក​សម្រេចចិត្ត​បំផុត​ ​​​​បើ​សិន​ជា​ខ្ញុំ​ក៏​មិន​ដឹង​គិត​យ៉ាងណា​ដែរ ​ម្ខាង​គ្រួសារ​ និង​ម្ខាង​ជា​ប្ដី​និង​កូន។​ ​គាត់​មិន​បាន​សុំ​ម៉ាក់​ទេ​គឺ​សុំ​ខ្ញុំ​និង​ប្អូនស្រី​ខ្ញុំ​ម្នាក់​​​ទៀត​អោយ​អភ័យទោស​អោយ​គាត់​ផង​ គាត់​មិន​ចង់​ធ្វើ​បែបនេះ​ទេ​តែ​គាត់​មិន​ចង់​អោយ​កូន​អត់​មាន​ឪពុក​ហៅ ​​ណាមួយ​គាត់​ក៏​មិន​មាន​ការងារ​ធ្វើ​ និង​​​ មិន​មាន​ចំណូល​ទៀងទាត់។ ​​គេ​សន្យា​ថា​ឈប់​ហើយ ​រៀង​ហើយ​ បងស្រី​ក៏​សម្រេចចិត្ត​ជា​ថ្មី​ថា​ទៅ​តាម​ប្ដី​វិស្វករ​សំណង់​ស៊ីវិល​រូប​នោះ​​​ទាំង​គិត​ថា ​​​​​​បុរស​ម្នាក់​នោះ​​មិន​ចោល​គំនិត​ទេ។ ​​តែ​បំណាច់​ស្រលាញ់​​កូន​ និង​​​​ប្ដី​ ​​ ​​គាត់​បាន​ចាកចេញ​ ដោយ​មិន​ប្រាប់​ពី​ទីតាំង​ដែល​​​គាត់​ ​​បុរស​ម្នាក់​នោះ​និង​កូន​​រស់នៅ​ឡើយ។​​​​ តែ​ក្រោយ​មក​ខ្ញុំ​និង​ប្អូន​ស្រី​លួច​តាម​ដាន​ដឹង​គឺ​គាត់​បាន​ ជួល​ផ្ទះ​នៅ​ម្ដុំ​សន្ធរម៉ុក​ជិត​ផ្សារ​គីឡូ​លេខ​បួន ​(ផ្ទះ​លោក​បូរីន​ជា​មិត្ត​របស់​បុរស​ម្នាក់​នោះ​)​ គាត់​ទៅ​រស់​នៅ​ទីនោះ​ក្ដី​សុខ​មាន​តែ​​​ជាមួយ​កូន​តែ​ប៉ុណ្ណោះ។ ​​មុនដំបូង​គេ​ចេះ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ខ្លះ​និង​មើល​កូន​ព្រោះ​បង​ស្រី​ត្រូវ​ទៅ​ទិញ​ម្ហូប ​និង​ធ្វើ​ការងារ​ផ្សេង​គេ​មិន​មាន​ចំណូល​ទេ​បង​ខ្ញុំ​ត្រូវ​ឆ្លាត។ ​​​ពេល​ខ្ញុំ​ដឹង​ថា​បង​នៅ​ទីនោះ​គ្រប់​គ្នា​ក៏​ចេះ​តែ​លួច​ទៅ​ជួប​ដំបូង​មិន​បាន​ប្រាប់​ម៉ាក់​ទេ​ ​​តែ​ក្រោយ​មក​ម៉ាក់​ចេះ​តែ​សួរ​ពួក​យើង​ ​​ហើយ​យើង​មិន​សូវ​ចេះ​កុហក​ទៀត​អ្វីៗ​ក៏​ដឹង​ដល់​ម៉ាក់​។ ​គាត់​ក៏​មិន​ថា​អី​ដែរ​ ខ្ញុំ​ក៏​បាន​ប្រាប់​ម៉ាក់​ថា​ ​កុំ​លូកដៃ​​រឿង​គាត់​អី​ ទុក​អោយ​គាត់​ជា​អ្នក​សម្រេច​ដោយ​ខ្លួន​គាត់​ចុះ​ព្រោះ​គាត់​ជា​អ្នក​រស់នៅ​មិន​មែន​យើង​ទេ​។ ម៉ាក់​​ក៏​សម្រេច​តាម​ខ្ញុំ​។ ​​​​

មិន​បាន​ប៉ុន្មាន​ផង​​ ស​ក៏​ចាប់ផ្ដើម​រលុប​ម្ដង​បន្តិចម្ដងៗ​។ ​គេ​ផឹក​គេ​សប្បាយ​មក​វិញ​គេ​រករឿង​ បើ​មិន​រឿង​នេះ​ រឿង​នោះ​បើ​មិន​អញ្ចឹង​ទេ​គឺ​គេ​បង្ខំ​អោយ​​គេង​ជាមួយ​ទាំង​កូន​យំ​មុខ​យំ​ក្រោយ​។​ គេ​បាន​វាយ​បង​ខ្ញុំ​ទាំង​យប់​អ្នក​ជិតខាង​អ្នក​ណា​ក៏​ដឹង​ហើយ​គេ​លួច​ប្រាប់​ខ្ញុំ​​ តែ​ពេល​ខ្ញុំ​សួរ​បង​ខ្ញុំ​​ គាត់​ប្រាប់​ថា​ ​​​​រអិល​ធ្លាក់​ជណ្ដើរ​ទើប​ហើម​មុខ​ហើម​មាត់​បែបនេះ។​​​ ក្រោយ​មក​ដោយ​សារ​គេ​ខ្មាស​អ្នក​ម្ដុំ​នោះ ​​​​គេ​ក៏​បាន​ប្ដូរ​ផ្ទះ​ទៅ​រស់​នៅ​ជិត​តោ​ពីរ​វិញ។ ​​ការ​រស់​នៅ​ទីនោះ​បងស្រី​ចាប់ផ្ដើម​ទម្ងន់​ជា​ថ្មី​ម្ដង​ទៀត​មិន​មាន​លុយ​យក​ចេញ​ទេ​​ គាត់​ក៏​ពិបាក​ចិត្ត​មិន​ដឹង​គិត​យ៉ាង​ម៉េច​​ខ្ញុំ​ក៏​ឌុប​គាត់​ដើរ​លេង។ ​កាល​ណោះ​​ សូម្បី​តែ​លុយ​ទិញ​កាហ្វេ​ផឹក​ក៏​សុំ​ខ្ញុំ​ដែរ​ ទាំង​កាហ្វេ​ ទាំង​បារី​ និង​ម្ហូប​​ តែ​ខ្ញុំ​មិនបាន​ប្រាប់​ម៉ាក់​ទេ។​​​ ពេលវេលា​ចេះ​តែ​កន្លង​ទៅ​ ពពោះ​ក៏​កាន់​តែ​ធំ​ គាត់​ពិបាក​ចិត្ត​ក៏​រក​គ្រូ​ទាយ។​​​​ ពេល​នោះ​គាត់​មាន​លុយ​ខ្លះ​វិញ​ហើយ​​(ខ្ញុំ​មិន​ដឹង​បាន​មក​ពី​ណា​ទេ​គឺ​ប្ដី​រក​មក​អោយ​)។ ​​​គាត់​គិត​ថា​យក​ចេញ​ដែរ​តែ​​​​ពេល​ដែល​គាត់​ចាប់ផ្ដើម​មាន​ទម្ងន់​គឺជា​ពេល​​ ដែល​សិល្បករ​​យើង​ម្នាក់​ត្រូវ​គេ​សម្លាប់​ល្មម​ ហើយ​គាត់​ក៏​មិន​ដឹង​រឿង​នោះ​ដែរ។ ​​តែ​គាត់​បាន​យល់សប្ដិ​ថា​សិល្បករ​រូប​នោះ​រត់​ទៅ​​​សុំ​គាត់​នៅ​ព្រោះ​ត្រូវ​គេ​តាម​សម្លាប់​ ហើយ​​​​គាត់​ក៏​យល់ព្រម។ ​គាត់​មាន​ទម្ងន់​​ពី​ពេល​នោះ​មក​ ហេតុ​នេះ​ទើប​​​​គាត់​គិត​ថា​ប្រហែល​ជា​កូន​ស្រី។ ​​​​​គ្រូ​ទាយ​ថា​កូន​នោះ​ពិត​ជា​កូនស្រី​ ទុក​ទៅ​ជា​ការ​ល្អ​ព្រោះ​នឹង​រក​លុយ​កាក់​បាន​ ឪពុក​ក៏​អាច​កែ​ខ្លួន​ដែរ។ ​​បង​ខ្ញុំ​រីករាយ​ណាស់​ ខ្ញុំ​ក៏​​​រីករាយ​ដែរ​។ ​​​​បើ​សិន​ជា​អញ្ចឹង​មែន​ជា​ការ​ប្រសើរ​ណាស់​ប្រសើរ​មែនទែន​ តែ​ដោយសារ​នៅ​តែ​ភ័យ​ព្រោះ​ខ្លាច​ថា​កូន​នោះ​ជា​កូន​ប្រុស​ទៀត​ យើង​ក៏​ទុក​

រយៈពេល​កន្លះ​ខែ​ទៀត​ដើម្បី​តាម​ដាន​ ពេលវេលា​ពិត​ជា​មិន​ខក​ការ​មែន​បង​ខ្ញុំ​មាន​កូន​គឺជា​កូនស្រី​ដូច​​ប្រាថ្នា​ក៏​សម្រេចចិត្ត​ទុក​កូន​នោះ​​​​លាក់​ម៉ាក់​ខ្ញុំ​និង​ប្អូនៗ​រហូត​​ជិត​គ្រប់​ខែ​ទើប​គ្រប់​គ្នា​ដឹង។​​​ ​ពេល​កើត​កូន​ហើយ ​គាត់​​​​​ចេះ​តែ​មាន​រឿង​​រហូត។​​​ ​ឃើញ​គាត់​យ៉ាប់​ពេក​ ​​​​ខ្ញុំ​ក៏​សុំ​ឲ្យ​ម៉ាក់​អោយ​គាត់​ មក​នៅ​ផ្ទះ​វិញ​ព្រោះ​​បុរស​ម្នាក់​នោះ​ទៅ​ខេត្ត​ចោល​បាត់ៗ​មិន​នៅ​ថែ​ប្រពន្ធ​កូន​ខ្ចី​ទេ។​​​ ម៉ាក់​ក៏​យល់​ព្រម។ ​គាត់​ក៏​មក​នៅ​ផ្ទះ​វិញ​ ​ដោយ​ប្រាប់​ថា ​និយាយ​គ្នា​ជាមួយ​ប្ដី​ហើយ​ថា​​មក​នៅ​ផ្ទះ​តែ​​មួយ​រយៈ​​ប៉ុណ្ណោះ។​ ​​តាម​ពិត​ ​​អ្នក​ជិត​ខាង​បាន​លួច​ប្រាប់​ខ្ញុំ​ពេល​ដែល​ខ្ញុំ​ទៅ​ជញ្ជូន​ឥវ៉ាន់​ថា​គាត់​ឈ្លោះ​គ្នា​មាន​រឿង​ធំ​ណាស់។ ​​​​និយាយ​ទៅ​ ខ្ញុំ​ក៏​សង្ស័យ​ដែរ​ តែ​មិន​ហ៊ាន​សួរ​ព្រោះ​ខ្លាច​គាត់​ទាស់។​ មួយ​រយៈ​នេះ ​បង​ខ្ញុំ​ដូច​ជា​អស់​ចិត្ត​និង​ឆ្អែត​ ព្រម​ទាំង​ដឹង​ខ្លួន​ខ្លះ​តែ​នៅ​តែ​ចិត្ត​​ទន់​ពេល​គេ​ចង់​ឃើញ​កូន​​ ក៏​យក​ទៅ​អោយ​គេ​ឃើញ​ព្រោះ​គាត់​នៅ​ចាំ​ពាក្យ​ដែល​​គ្រូទាយ។ ​​​

មួយរយៈពេល​ដែល​​​បែក​គ្នា ​បុរស​រូប​​​នោះ​ទៅ​រស់នៅ​ខេត្ត​សៀមរាប​ បាន​ទៅ​បោក​ស្ត្រី​​មេម៉ាយ​ម្នាក់​ថា ​​​គេ​នៅ​កំលោះ​មិន​ប្រពន្ធ​កូន​អី​ទេ។ ​​​​ពេលនោះ​ដំណឹង​ទាំង​អស់​ក៏​បាន​លឺ​ដល់​បង​ស្រី​ខ្ញុំ​ គាត់​ក៏​ទៅ​រក​តាម​គេ​ប្រាប់​ដោយ​ដៃ​ម្ខាង​បី​កូន​តូច​និង​ដៃ​ម្ខាង​ទៀត​ស្ពាយ​បង្វេច​ទាំង​ដួងចិត្ត ​ ឈឺ​ដូច​គេ​យក​កាំបិត​មក​ចិត​បេះដូង​ម្ដង​មួយ​ចម្រៀកៗ​ ហើយ​បង្ហូរ​ឈាម​ដាក់​ព្រះ​ធរណី​ទាំង​កណ្ដាល​ថ្ងៃ។​ ​ពេល​បង​ស្រី​ជួប​គេ ​គេ​និយាយ​ម៉េច​ដឹង​អត់? ​គេ​ថា​​ គេ​​ទៅ​នៅ​ទី​នោះ​​ដោយសារ​គ្រួសារ​នោះ​ជួយ​គេ។ ​​មិន​មាន​នរណា​ជា​អ្នក​ជួយ​គេ​ទេ។ ​​កុំ​មក​ឆាឆៅ​គេ​ ទុក​អោយ​គេ​មាន​ក្តី​សុខ​ផង​ ហើយ​ពេល​ណា​គេ​ការ​ហើយ​​​​​មាន​លុយ​គ្រប់​គ្រាន់​គេ​នឹង​យក​លុយ​ទាំងនោះ​ទៅ​ចិញ្ចឹម​កូន។​​​ ​​«ចង់​អោយ​កូន​វេទនា​?​ តិច​អត់​ទាំងអស់​គ្នា​!!» ​នេះ​ជា​សម្ដី​របស់​គេ។ ​ ពេល​នោះ​មាន​អំពើ​ហិង្សា​កើតឡើង​តែ​ខ្ញុំ​មិន​នៅ​ទីនោះ​ទេ ​​​ខ្ញុំ​ធ្វើការ​នៅ​ខេត្ត​កំពង់ធំ។​​ ​បង​ខ្ញុំ​ក៏​ត្រលប់​មក​វិញ​តែ​មិន​មក​ផ្ទះ​ទេ​គឺ​នៅ​កំពង់ធំ​ជាមួយ​ខ្ញុំ។ ​​ម៉ោង​ប្រហែល​១១​ថ្ងៃ​ត្រង់​​គាត់​មក​ដល់​ដំរី​ជាន់​ខ្លា​ ខ្ញុំ​ក៏​សុំ​គេ​ចេញ​មុន​ម៉ោង​ដើម្បី​ដើរ​ទៅ​យក​គាត់។ ​​ព្រះ​អើយ! ​​ទឹក​មុខ​ស្លេកស្លាំង​ និង​ជាំ​ខ្មៅ​និង​ដិតដាម​ដោយ​ទឹកភ្នែក​ស្រែក​ហៅ​ខ្ញុំ​ដោយ​សំឡេង​ខ្សាវ​ៗ​(​ថា​!ថា​!​ មកនេះ​)​។ ​​​ខ្ញុំ​សម្លឹង​ទៅ​គាត់ ​​​តែ​គាត់​មិន​បាន​សម្លឹង​តប​មក​វិញ​ទេ​គឺ​គាត់​បាន​អោន​មុខ​ចុះ​ និង​បង្ហូរ​ទឹកភ្នែក។ ​​ខ្ញុំ​ក៏​មិន​សួ​នាំ​អី​ដែរ​ក៏​ហៅ​គាត់​ទៅ​ផ្ទះ​ដែល​​ខ្ញុំ​ជួល​​​​នៅ​ជិត​នោះ​និង​ជួយ​ទទួល​យក​កូន​ និង​ឥវ៉ាន់​ខ្លះ​ពី​គាត់​ដើម្បី​សម្រាល​ទម្ងន់​ខ្លះ។​​ ​​​ខ្ញុំ​មិន​អាច​ជួយ​ទទួល​ទុក្ខ​របស់​បាន​ទេ​ព្រោះ​​គាត់​មិន​អាច​អោយ​នរណា​ជួយ​គាត់​បាន​ទេ​។​ ពេល​ទៅ​ដល់​ខ្ញុំ​រក​បាយ​ម្ហូប​អោយ​គាត់​ញ៉ាំ​តែ​គាត់​មិន​ចង់​ ខ្ញុំ​​ក៏​មើល​កូន​អោយ​គាត់។​ ល្ងាច​បន្តិច​ គាត់​ក៏​ស្រួល​ខ្លួន​បន្តិច​ក៏​ដើរ​មក​រក​ខ្ញុំ​និង​កូន​ ហើយ​បង្ហើរ​សំឡេង​តិចៗ​ថា៖​
«ញ៉ាំ​បា​នៅ?​»​
«មិន​ញ៉ាំ​ទេ​ ​​​ចាំ​ញ៉ាំ​ជាមួយ​បង​រ័ត្ន​​ឯង»​

​គាត់​ញ៉ាំ​មិន​ចូល​ទេ​ គាត់​មិន​ស្រួល​ខ្លួន​ ខ្ញុំ​ក៏​ដើរ​រក​ថ្នាំ​ទាស់​អោយ​គាត់​ញ៉ាំ​ព្រោះ​ខ្លាច​គាត់​ទាស់។ ​​​ខ្ញុំ​ក៏​សួរ​គាត់​នូវ​រឿងរ៉ាវ​ទាំង​អស់​របស់​គាត់។ ​គាត់​ក៏​បាន​ប្រាប់​សព្វ​គ្រប់។ ​​​ ​​ថ្ងៃ​បន្ទាប់ ​ខ្ញុំ​ក៏​ call​ ទៅ​​ស្ដី​​អោយ​បុរស​នោះ​ព្រោះ​បាន​វ៉ៃ​​បងស្រី​ខ្ញុំ​និង​ពោល​ពាក្យ​ថោក​ទាប។​ ​​បង​ស្រី​ខ្ញុំ​មិន​ចង់​បាន​លុយ​ដែល​បោកប្រាស់​គេ​មក​នោះ​ទេ​។​

​មួយ​រយៈ​​​​មក​ប្រហែល​ជា​ស្ត្រី​​ម្នាក់​នោះ​អស់​ចិត្ត​ ​​​គេ​ក៏​វិល​មក​យក​បង​ស្រី​ខ្ញុំ​អោយ​ ទៅ​នៅ​ជាមួយ​នៅ​ខេត្ត​សៀមរាប​ ដោយ​មិន​ដឹង​ថា​និយាយ​គ្នា​រថា​ម៉េច​ទេ​បង​ខ្ញុំ​ក៏​ទៅ​នៅ​ជាមួយ​គេ​ទៀត។​ ពេលនេះ​ក្នុង​ក្រុម​គ្រួសារ​ខ្ញុំ​មិន​មាន​យោបល់​ឬ​ហាម​ឃាត់​អី​ទៀត​ទេ​ ព្រោះ​គាត់​សុំ​ដើរ​លើ​ផ្លូវ​ជីវិត​​នេះ​ដោយ​ខ្លួន​គាត់។ ​ពិត​ជា​មាន​មែន​​នារី​ដែល​ល្ងង់​ និង​ស្មោះត្រង់​បែបនេះ? ​​​​បើ​មិនមែន​ជា​បង​ខ្ញុំ​ ​ខ្ញុំ​អាច​នឹង​គិត​ផ្សេង។ ​​​តែ​នេះ​ខ្ញុំ​ឃើញ​​ និង​យល់​ជ្រួតជ្រាប​ទឹកភ្នែក​របស់​គាត់​មាន​រាប់​លាន​ តំណក់​ស្រក់​ដោយសារ​បុរស​មាន​ចំណេះដឹង​តែ​គ្មាន​វិចារណញ្ញាណ​ជា​ប្តី​និង​ជា​ឪពុក​ទេ។

​​គេ​រៀន​ពូក​ណាស់​តែ​មិន​អាច​ទៅ​ដក​សញ្ញាប័ត្រ​បាន​ទេ។ ​​គេ​សុភាព​ណាស់ ​នរណា​មិន​ស្គាល់​​​​ ពិតជា​និយាយ​ថា​គេ​​ដឹង​ចាស់​ស្គាល់​ទុំ​ស្គាល់​ស្រី​ស្គាល់​ប្រុស​​ស្គាល់​គ្រូ​ស្គាល់​​​សិស្ស​ស្គាល់​មិត្ត​ស្គាល់​ភក្ត្រ។ ​​តែ​ពេល​​​​ស្រា​ចូល​ខ្លួន​ហើយ​​​​ ឪ​គ្រូ​អើយ​ចង់​ខ្លាំង​ប៉ុណ្ណា​ក៏​អញ​ហ៊ាន​វ៉ៃ​ហ៊ាន​ជេរ​ដែរ​។​ ទឹកភ្នែក​ស្រក់​ជ្រែក​ផែន​ថ្ពាល់​មិន​បាន​ស្គាល់​អី​ថា​សុខ​​ ជួប​តែ​ទុក្ខ​​​ទុក្ខ​មិន​ស្រាក​ស្រាន្ត​គាត់​ក៏​សម្រេច​ចិត្ត​ជា​ថ្មី​វិល វិញ​រក​ទ្រនំ​ចាស់​​ ដែល​មាន​ម្ដាយ និង​ប្អូន​ចាំ​ឲ្យ​កម្លាំង​ចិត្ត។ ​លើក​នេះ​បាន​យូរ​ណាស់​ជិត២​​ឆ្នាំ​ តែ​កម្ម​នៅ​តែ​មាន។​ ខ្ញុំ​ដឹង​ពេល​ដែល​គេ​លួង​បងស្រី​ម្ដង​ៗ​​ គេ​តែងតែ​ពោល​ពាក្យ​ថា​​ជាតិ​គេ​ខុស​ច្រើន​ណាស់​ចំពោះ​បងស្រី​ខ្ញុំ​ គេ​មិន​មាន​បំណង​អី​ទេ​គឺ​គ្រាន់​តែ​ចង់​ជួប​កូន​និង​អោយ​លុយ​ខ្លះ​ដើម្បី​ជួយ​ចិញ្ចឹម​កូន​តែ​ប៉ុណ្ណោះ។​​​​​ ពាក្យ​ទាំង​នេះ​គ្រាន់​តែ​ជា​ពាក្យ​បោក​បង​ស្រី​ដើម្បី​យក​ទៅ​គេង​ជាមួយ​តែ​ប៉ុណ្ណោះ​​​ ខ្ញុំ​ដឹង​ថា​បង​ខ្ញុំ​នៅតែ​ស្រឡាញ់​គេ​និង​មិន​មាន​ គំនិត​ថា​មួយ​ជាតិ​នេះ​គាត់​យក​ប្ដី​ពីរ​ដែរ។ ​​​តែ​បុរស​ដែល​ជា​វិស្វករ​សំណង់​ស៊ីវិល​រូប​នោះ​មិន​គិត​ដូច​ គាត់​ទេ​ថែម​ទាំង​មិន​ចាប់អារម្មណ៍​និង​យល់​ពី​ទឹក​ចិត្ត​របស់​គាត់​ដែរ។​

ក្រោយ​មក​ខ្ញុំ​ដឹង​ថា​បង​ស្រី​ខ្ញុំ​មាន​កូន​ ខ្ញុំ​ក៏​ថា​អោយ​គាត់​ហេតុអី ​បណ្ដោយ​​​អោយ​មាន​កូន​ទៀត​បែប​នេះ?​ កូន​មុន​ដើម​ឆ្នាំ​ ​​ចុង​ឆ្នាំ​ឥឡូវ​មាន​ទៀត​មិន​កើត​ទេ​ ​​​គិត​មើល​អោយ​ច្បាស់? ​គាត់​ចាប់ផ្ដើម ​ពិបាក​ចិត្ត​រឿង​នេះ​ទៀត​ ក្រោយ​មក​គាត់​ក៏​សម្រេចចិត្ត​លេប​ថ្នាំ​ទម្លាក់​កូន​នោះ​ចោល​ដោយ​យល់​ថា​អស់​លុយ​តិច។ ​​​​បុរស​ម្នាក់​នោះ​ពូកែ​ និយាយ​ណាស់​​ហៅ​បង​ស្រី​ខ្ញុំ​អោយ​ទៅ​យក​លុយ​១០០​ដុល្លារ​ទុក​ចិញ្ចឹម​កូន​បាន​បី​ថ្ងៃ​ call ហៅ​សុំ​ខ្ចី​លុយ​៣០០​ដុល្លារ​វិញ​ព្រោះ​មាន​ការ​ចាំ​បាច់​ខាន​មិន​បាន​ចាំ​គេ​អោយ​ការ​ប្រាក់។ ​បង​ខ្ញុំ​ជា​មនុស្ស​ចិត្ត​ទន់​តែ​ឆាប់​ខឹង​និង​ងាយ​បាត់។​​​ ក្រោយ​មក​បង​ខ្ញុំ​ក៏​ចាប់ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​ព្រោះ​ លេប​ថ្នាំ​មិន​បាន​ទៅ​ជួប​ពេទ្យ​ជំនាញ។​ តាម​ពិត​អ៊ំស្រី​របស់​ខ្ញុំ​ក៏​ជា​ពេទ្យ​ជំនាញ​ខាង​ស្ត្រី​ដែរ​ ​​តែ​គាត់​ មិន​ហ៊ាន​ទៅ​ជួប​​ទេ​​ព្រោះ​​​គាត់​ ធ្លាប់​ទៅ​អោយ​អ៊ំ​ជួយ​ទម្លាក់​កូន​ប៉ុន្មាន​នាក់​ហើយ។ ​នេះ​ជា​កម្ម​?​ មុនដំបូង​ខ្ញុំ​មិន​ដឹង​ទេ​តែ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​ដឹង​ខ្ញុំ​ក៏​នាំ​គាត់​ទៅ​​​​ពេទ្យ​ដោយ​លាក់​មិន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​ដឹង​ទាំង​អស់។ ​​​យើង​ទៅ​ពេទ្យ​មិន​មាន​លុយ​ទេ​ តែ​ខ្ញុំ​ចាំ​បាន​ថា​គាត់​បាន​​call ​ទៅ​ឪពុក​កូន​ក្នុង​ផ្ទៃ​ដើម្បី​ទារ​លុយ​យក​កូន​ចេញ។​

ខ្ញុំ​ដឹង​ថា​គេ​យក​លុយ​មក​អោយ​បង​ស្រី​ខ្ញុំ​នៅ​ពេល​ព្រឹក​ ដោយ​ណាត់​ជួប​គ្នា​នៅ​ហាង​កាហ្វេ​ទេពផន​​បង​ស្រី​ទៅ​ទទួល​លុយ​ទាំង​ឈឺ​ចំនួន​​៥០​ដុល្លារ។​​​ លុះ​ថ្ងៃ​ត្រង់​ខ្ញុំ​ក៏​ចេញ​ពី​រៀន​រួច​ណាត់​គ្នា​ជា​មួយ​មនុស្ស​​ស្រី​ ម្នាក់​តែ​ខ្ញុំ​មិន​ស្គាល់​ថា​គាត់​ជា​នរណា​ទេ​តែ​គាត់​ស្គាល់​ច្បាស់​ថា​ជា​ពេទ្យ​ជំនាញ។​​​ តាំង​ពី​ពេល​នោះ​បង​ស្រី​ចាប់​ផ្តើម​ជា​ដូច​ធម្មតា​ហើយ​សន្យា​ថា​ឈប់​ទាក់ទង​គេ​ទៀត​ហើយ។​​​​ តែ​កម្មពៀរ​ពិត​ជា​មាន​មិន​ទាន់​អស់​ឡើយ។ ​​​​គាត់​ក៏​សម្រេចចិត្ត​ជា​ថ្មី​​​​​​ទៅ​តាម​​គេ​ជា​លើក​ទី​១០​ ​ឬ​ទី​២០ ​​​​ខ្ញុំ​រាប់​មិន​បាន​ទេ​ ព្រោះ​បង​ខ្ញុំ​តែងតែ​ផ្ដល់​ឱកាស​ឲ្យ​​​បុរស​រូប​នោះ​ជានិច្ច​។ ​​នៅ​ទីនោះ​ ​បង​ខ្ញុំ​ដើរ​តួ​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម ​និង​បម្រើ​កាមគុណ​អោយ​ប្ដី​ដែល​ប្រមឹក​ម្នាក់។ ​​​​​ ពេល​នេះ​ ​គេ​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​ផឹក​ស្រា​ស​ក៏​បាន​ដែរ។ ​​​ពេលណា​បង​ស្រី​រក​បាន​ច្រើន​ ​គេ​ទារ​លុយ​ផឹក ​Tiger, ​Angkor ​​បន្ទាប់​មក​គឺ​ស្រា​ស​នេះ​ឯង​។​ ​​បង​ខ្ញុំ​ប្រកបរបរ​លក់​ចំណី​អោយ​ពួក​ជាប់​គុក​នៅ​លើ​ភ្នំ​​​ឯ​​​កំពង់សោម​។​ ​​​អស់​សំណើច​ទេ​? ​​​​ថ្ងៃ​រក​ស៊ី​ចិញ្ចឹម​យប់​មក​ដល់​ធ្វើ​បាយ​ម្ហូប​​ ​​​​បំប៉ន​ស្រា​ឲ្យ​ប្ដី។ ​ដល់​ពេល​ព្រលប់​ចាប់​បោក​គក់​ខោអាវ​​​​​រៀប​ចំ​ផ្ទះ​ និង​លួង​កូន​អោយ​គេង។​​ ​​​​កូន​មិន​ទាន់​គេង​អស់​ផង​ដល់​ម៉ោង​បម្រើ​ផ្លូវ ភេទ​ប្ដី​ទៀត​ ពេល​មិនព្រម​គឺ​មាន​តែ​ឈ្លោះ​គ្នា​ខ្មាស​អ្នក​ស្រុក​ទាញ​មុង​ទាញ​កន្ទេល​មិន​អោយ​កូន​គេង​ ភ្ញាក់​យំ​ឡូឡារ​ពេញ​ភូមិ។ ​​​បងស្រី​ខ្ញុំ​ខឹង​ពេក​​​ទ្រាំ​មិន​បាន​ក៏​ទាញ​កូន​កាំបិត​មក​គំរាម ​ពេល​នោះ​គេ​ខឹង​ខ្លាំង​ណាស់​ស្រែក​ថា​ប្រពន្ធ​ចង់​សម្លាប់​ប្ដី ​​​​ស្រី​អី​ក៏​សាហាវ​ យ៉ាងនេះ​?​ ​ពេល​​នេះ​​​បង​ខ្ញុំ​ចង់​ត្រលប់​មក​វិញ​ក៏​មិន​ហ៊ាន​ដែរ​ ​​ព្រោះ​មុន​ទៅ​គ្រប់​គ្នា​បាន​ប្រាប់​រួច​ហើយ ​តែ​គាត់​នៅ​តែ​អនុគ្រោះ​ដល់​ប្ដី​ម្នាក់​នោះ​ដដែល​។​

រឿង​ទាំងអស់​បាន​បែក​ធ្លាយ​លឺ​ដល់​ម៉ាក់​និង​ខ្ញុំ​ព្រោះ​មីង​​​​នៅ​ជិត​នោះ​ជា​អ្នក​ជិតដិត​នឹង​ក្រុម​គ្រួសារ​ខ្ញុំ​ថែម​ទាំង​ជួ​យ​​រក​ការងារ​អោយ​បុរស​ម្នាក់​នោះ​ធ្វើ​និង​ ជួយ​អោយ​បង​ស្រី​ខ្ញុំ​អាច​ចូល​លក់​ក្នុង​គុក​ទៀត​ផង​ហើយ​ក៏​ជា​ អ្នក​ធានា​អោយ​បង​ទៅ​នៅ​ទីនោះ​ដែរ​។​ ​​​ម៉ាក់​ក៏​អោយ​ខ្ញុំ​ call​ហៅ​អោយ​បង​ស្រី​មក​លេង​ផ្ទះ​ព្រោះ​នឹក ​​​និង​ចង់​ជួប​ក្មេង​ៗ​។ ​គាត់​ក៏​មក​តាម​ការ​​ស្នើ​របស់​យើង​ ​​តែ​ពេល​មក​លើក​នេះ​ គឺ​គាត់​មិន​មាន​បង្វេច​អ្វី​ទាំងអស់​មាន​តែមួយ​សម្រាប់​ជាប់​នឹង​ខ្លួន​ប៉ុណ្ណោះ។​ ​គាត់​និយាយ​ប្រាប់​យើង​ថា​ រក​មិន​បាន​សោះ​ចង់​មក​រក​ស៊ី​នៅ​ភ្នំពេញ​វិញ។ ​​​ យើង​គ្រប់​គ្នា​ក៏​រីករាយ​ និង​​​សប្បាយ​ទទួល​យក​ទាំងអស់​ ទាំង​ម្ដាយ ​និង​កូន។ ​​​ពេលវេលា​ក៏​ចេះ​តែ​កន្លង​ហួស​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គាត់​ចាប់​ផ្ដើម​កត់​ឆ្នោត​និង​រាប់​​លុយ​អោយ​គេ​ជា​រៀង​រហូត​មក។ ​​​

ដល់​ថ្ងៃ​ទី​០២​ខែ​កុម្ភៈ​​ ​២០០៩​ គឺ​ជា​ថ្ងៃ​មង្គលការ​កូន​អ៊ំ​ស្រី​ខ្ញុំ​ ពួក​យើង​រៀបចំ​ចាត់ចែង​យ៉ាង​សប្បាយ​រីករាយ​ មាន​ទាំង​កម្មវិធី​រាំរែក​ក្នុង​​នោះ​ក៏​មាន​ខ្ញុំ​រាំ​និង​គេ​ដែរ​ទោះ​ខ្ញុំ​មាន​កូន​ហើយ​ក៏​​​ដោយ​តែ​ខ្ញុំ​បាន​ផ្ញើ​កូន​និង​ម៉ាក់​អោយ​ជួយ​មើល​អោយ​ខ្ញុំ​រាំ​បទ​​ស្លូ​ និង​បទ​ញាក់​ រាំវង់។ ​​​​បង​ស្រី​ខ្ញុំ​គាត់​ក៏​រាំ​ដែរ​មើល​ទៅ​គាត់​ហាក់​ដូចជា​សប្បាយ​ចិត្ត​ណាស់​ ពេល​មិន​បាន​ប៉ុន្មាន​ផង​ ពេលវេលា​ក៏​ដល់​ទី​បញ្ចប់​ទៅ​ហើយ​ទាំង​យើង​ទាំង​ភ្ញៀវ​ក៏​រៀបចំ​​មក​ផ្ទះ​វិញ​ពេល​មក​ដល់​ផ្ទះ​ បងស្រី​ខ្ញុំ​បាន​ពោល​ពាក្យ​ថា​(​អស់​កម្លាំង​ណាស់​ )នេះ​ជា​ភាសា​ដែល​​​មនុស្ស​គ្រប់​រូប​និយាយ​ពេល​ដែល​បាន​បំពេញ​ភារ​អ្វី​មួយ​ហត់​ក៏​ និយាយ​បែប​នេះ​ទៅ​ គ្រប់​គ្នា​ក៏​មិន​ចាប់​អារម្មណ៍​អ្វី​ដែល​ព្រោះ​ខ្ញុំ​ក៏​ហត់​មិន​បាន​ញ៉ាំ​អី​ទេ​ ព្រោះ​មាន​នាទី​ជា​អ្នក​កត់​ចំណងដៃ។ ​​ពេល​នោះ​ពួក​ យើង​ក៏​នាំ​គ្នា​រក​កន្លែង​គេង​រៀងៗ​ខ្លួន​អស់​ទៅ​រួម​ទាំង​គាត់​ដែរ។

ព្រឹក​ឡើង​នាង​ខ្ញុំ​ក៏​រៀប​ចំ​ខ្លួន​មក​បំពេញ​ការងារ​ តែ​ចេញ​មិន​រួច​សោះ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ចង់​តែ​ទៅ​បន្ទប់​​បង​ស្រី​ខ្ញុំ។ ​ពេល​នោះ​ខ្ញុំ​ជៀស​ មិន​រួច​ពី​ទៅ​បន្ទប់​នោះ​ទេ​ព្រោះ​ត្រូវ​ទោះ​យក​ក្រែម​លាប​មាត់​ពី​​បន្ទប់​នោះ។​ ពេល​ទៅ​ដល់​ខ្ញុំ​ឃើញ​បង​ខ្ញុំ​ឡើង​ស្លាំង​និយាយ​តិច​ៗ​ប្រាប់​ថា​(មិន​ដឹង​យ៉ាងម៉េច​ទេ ​អស់​កម្លាំង​ងើប​មិន​រួច​សោះ​)។​​​ ខ្ញុំ​ក៏​ទៅ​ជិត​គាត់​ រួច​និយាយ​ជា​មួយ​គាត់​ព្រោះ​ស្ដាប់​មិនសូវ​លឺ​ថា​ម៉េច។​ម៉េច​ក៏​ស្លាំង​ម្ល៉េះ​?​បង​រ័ត្ន​ ​ឯង​កើត​អី​ទេ​អ្ហី​?​(​ចម្លើយ​គាត់​ថា​អត់​ដឹង​)​ ខ្ញុំ​ក៏​call​ ទៅ​សុំ​ច្បាប់​មេ​រួច​ក៏​នាំ​គាត់​ទៅ​ជួប​លោក​គ្រូពេទ្យ​ពិនិត្យ​មើល​រក​មូលហេតុ​????


០៥/០២/២០០៩​

លទ្ធផល​មិន​មាន​អ្វី​ទាំងអស់​គឺ​ រង់ចាំ​ការ​ពិនិត្យ​រហូត​ខ្ញុំ​គិត​ថា​បង​ស្រី​ខ្ញុំ​មិន​ស្រួល​ទេ​ព្រោះ​និយាយ​លែង​ចង់​កើត​ទៅ​ ហើយ។ ​​ពេទ្យ​ពិនិត្យ​មក​ម្ដង​ម្នាក់ៗ​ តែ​មិន​និយាយ​ថា​ម៉េច​ពី​ជំងឺ​គាត់​សោះ​គិត​តែ​ពី​សួរ​មិន​ចេះ​ចប់​សោះ​ខ្ញុំ​ក៏​call​ មក​ម៉ាក់​សុំ​យក​គាត់​ទៅ​វៀតណាម​ ម៉ាក់​ក៏​យល់ព្រម។

ទៅ​ដល់​ប្រទេស​វៀតណាម

ព្រឹក​ឡើង​ម៉ោង​៥និង​៣០នាទី​នាងខ្ញុំ​បង​ស្រី​ខ្ញុំ​ និង​គ្រួសារ​របស់​ខ្ញុំ​បាន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​តាម​​រថយន្ត​ក្រុង​ទុក​អោយ​ក្មេង​ៗ​ នៅ​ជាមួយ​យាយ​(​ម៉ាក់​របស់​ខ្ញុំ​)​ ក្នុង​នោះ​មាន​កូន​ខ្ញុំ​មួយ​ដែរ​ទើប​តែ​មាន​អាយុ​៧​ខែ​ជាង​តែ​ប៉ុណ្ណោះ។​ ខ្ញុំ​ពិតជា​នឹក​កូន​ខ្លាំង​ណាស់​ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ទៅ​ចោល​កូន​នោះ។​​ ខ្ញុំ​ដឹង​ថ្វី​ត្បិត​គេ​នៅ​ក្មេង​តែ​គេ​ដឹង​គេ​ដឹង​ណាស់​គេ​នឹក​ខ្ញុំ​ គេ​ត្រូវការ​ខ្ញុំ​ព្រោះ​ខ្ញុំ​ជា​អ្នក​មើល​ថែ​គេ​ដោយ​ផ្ទាល់ដៃ។​ ​ម្ដាយ​និង​កូន​ពិត​ជា​មាន​អារម្មណ៍​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។​ ពេល​ទៅ​ដល់​ទីនោះ​ដោយសារ​យើង​មាន​ស្គាល់​ប្រជាជន​នៅ​ទីនោះ​ម្ល៉ោះ​ហើយ​ អ្វីៗ​វា​មិន​សូវ​ជា​ពិបាក​ទេ​​យើង​អាច​ ប្រើ​លុយកាក់​ដែល​មាន​នៅ​ក្នុង​ដៃ​ដើម្បី​សម្រួល​ដល់​ការងារ​របស់​យើង​បាន​ដោយ​មិន​ពិបាក។​​​ យើង​មិន​មាន​នរណា​ម្នាក់​ចេះ​និយាយ​ភាសា​វៀតណាម​នោះ​ទេ​ ហើយ​ប្រជាជន​គេ​ក៏​មិន​សូវ​ជា​មាន​អ្នក​ចេះ​និយាយ​ភាសា​អង់គ្លេស​ដែរ​ ដូចនេះ​វិធី​មាន​តែ​មួយ​គត់​គឺ​ជួល​អ្នក​បកប្រែ។ ​ទៅ​ដល់​ថ្ងៃ​ទី​មួយ​ យើង​ចូល​មន្ទីរពេទ្យ​ ឯកជន ​(​មិន​ចេះ​ហៅ​ជា​ភាសា​របស់​គេ​នោះ​ទេ​) ​ដោយ​មាន​ពូ​ម្នាក់​ជា​អ្នក​សម្រួល​គ្រប់​បែប​យ៉ាង។ ​រយៈពេល​៤​ម៉ោង​គេ​ពិនិត្យ​ ឃើញ​ហើយ​អស់​គេ​និយាយ​ប្រាប់​ខ្ញុំ​ថា​គេ​មិន​អាច​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​នេះ​បាន​ទេ​ តែ​គាត់​​អាច​បញ្ជូន​ទៅ​ មន្ទីរពេទ្យ​ផ្សេង​ទៀត​បាន​ព្រោះ​​​​ជា​មន្ទីរពេទ្យ​ធំ​ គេ​មាន​អ្វី​គ្រប់​យ៉ាង​ទាំងអស់​មិន​មាន​ខ្វះ​ទេ។​​ ​​​ពេលនោះ​ខ្ញុំ​ពិត​ជា​ពិបាកចិត្ត​នឹក​គិត​អ្វី​ក៏​​មិន​ចេញ។ ​ទាំង​ខ្ញុំ​និង​ គ្រួសារ​ខ្ញុំ​ក៏​ឯកភាព​ចិត្ត​តាម​ការសម្រេច​របស់​គេ​ខ្ញុំ​បាន​ជិះ​ក្នុង​រថយន្ត​​​សង្គ្រោះ​ពី​មន្ទីរពេទ្យ​ឯកជន​មួយ​នោះ​ឆ្ពោះ​ទៅ​មន្ទីរពេទ្យ​ល្បី​​មួយ​ផ្សេង​ទៀត​​មន្ទីពេទ្យ​ (​ចារីយ៏​)​។ ​មួយ​ជីវិត​ខ្ញុំ​ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​និង​បាន​ស្គាល់​មន្ទីរពេទ្យ​នេះ​ទេ​ តែ​ពេលនេះ​ខ្ញុំ​មក​ដល់​ទី​នោះ​ដោយ​មិន​បាន​ព្រាង​ទុក​ ​និង​​ដោយ​មិន​ដឹង​ខ្លួន​។​ ពេល​ទៅ​ដល់​ទីនោះ​គេ​បាន​បញ្ជូន​បង​ស្រី​ខ្ញុំ​ចូល​ទៅ​ ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។​​

​​​នៅ​ទីនោះ​បន្ទប់​សង្គ្រោះ​មួយ​មាន​អ្នកជំងឺ​ជិត​២០០​ នាក់​ដេក​រង់ចាំ​ការ​សង្គ្រោះ។ ​​គេ​ពិនិត្យ​សារ​ដើម​វិញ​ទាំងអស់។ ​​ខ្ញុំ​បាន​ឃើញ​គ្រប់​ទិដ្ឋភាព​ទាំងអស់​មាន​អ្នក​ហៀប​​នឹង​ដាច់​ខ្យល់​ មាន​អ្នក​ទ្រហោយំ ​​​មាន​គ្រប់​ជាតិ​សាសន៏​មាន​ ​​គ្រប់​វ័យ​
​​​គ្រប់​ឋានៈ​​ ​​​គ្រប់​ប្រភេទ​ជំងឺ។​​​ នាង​ខ្ញុំ​ឃើញ​បង​ស្រី​បង្ហូរ​ទឹកភ្នែក​ដោយ​ភាព​អស់​សង្ឃឹម​ដៃ​គាត់​ឡើង​ញ័រ ​​​ខ្លួន​គាត់​កាន់​តែ​ស្លេកស្លាំង​ដូច​គ្មាន​​​ឈាម​សូម្បី​បន្តិច។​​ ពេល​នោះ​ខ្ញុំ​ពិត​ជា​ពិបាក​ព្រោះ​ទីនោះ​គេ​មិន​អនុញ្ញាត​អោយ​មាន​អ្នក​​នៅ​ចាំ​ឡើយ។ ​​តែ​ខ្ញុំ​ចេះ​តែ​លួច​ចូល​ទៅ​ព្រោះ​ខ្ញុំ​អាណិត​បង​ ​​​មិន​ហ៊ាន​នៅ​​​ឲ្យ​គាត់​ម្នាក់​ឯង​ទេ។​​​ អ្នក​សំអាត​បាន​ប្រដាប់​​ជូត​រុញ​ខ្ញុំ​អោយ​ចេញ។ ​​​ខ្ញុំ​ពិត​ជា​គ្មាន​វិធី​នោះ​ទេ ​​​​បង​​ស្រី​បាន​កាន់​​​​ដៃ​ខ្ញុំ​យ៉ាង​ជាប់​​ ជាទី​បំផុត​ខ្ញុំ​មាន​តែ​សំពះ​គេ​ដើម្បី​សុំ​នៅ​ទីនោះ​បាន​២នាក់​បង។ ​​ អ្នក​សំអាត​ម្នាក់​នោះ​ពិត​ជា​ចិត្ត​ដាច់​ណាស់​មិន​អនុគ្រោះ​ចំពោះ​ខ្ញុំ​ និង​បង​ទេ។ ​គេ​នៅ​តែ​តាម​ដេញ​ខ្ញុំ​ចេញ​ពី​ទីនោះ​​​ឲ្យ​​​ខាន​តែ​បាន​ តែ​ខ្ញុំ​ពិត​ជា​មិន​អាច​ចេញ​​​​ចោល​បង​បាន​​​ទេ​។ ​ខ្ញុំ​ក៏​ឈរ​នៅ​ទីនោះ​ដូច​ជា​មនុស្ស​ឆ្កួត​ មនុស្ស​គ​​​​​ថ្លង់​មិន​ខ្វល់​ពី​ការ​ទាញ​ចេញ​របស់​គេ​នោះ​ទេ​។ បង​ស្រី​គិត​តែ​ពី​ទាញ​ដៃ​ម្ខាង​របស់​ខ្ញុំ​រួច​បង្ហូរ​ទឹកភ្នែក​ ដោយ​មិន​បញ្ចេញ​សំឡេង​នោះ​ទេ។​ ​​ទឹកភ្នែក​នេះ​ជា​តំណក់​ទឹកភ្នែក​ដែល​ឈឺចាប់​ ទឹក​ភ្នែក​ភ័យ​ខ្លាច​​ ​ព្រួយ​បារម្ភ ​​​​ជា​ទឹកភ្នែក​ម្យ៉ាង​ ដែល​អ្នក​គ្រប់​គ្នា​មិន​អាច​យល់​ឡើយ ​ជា​​តំណក់​ទឹកភ្នែក​​​ដែល​អ្នក​និពន្ធ​គ្រប់​រូប​ក៏​មិន​អាច​រៀបរាប់​អស់​។ ​​​ខ្ញុំ​ដឹង​ថា​បង​ស្រី​ភ័យ​ខ្លាច​​​ស្លាប់​នោះ​ទីនោះ​​​ព្រោះ​​​មិនមែន​ជា​ប្រទេស​របស់​ខ្លួន ​​​ភ័យ​ខ្លាច​មិន​បាន​​​ជួប​មុខ​បង​ប្អូន ​និង​​​កូនៗ​ បារម្ភ​ពី​កូន​មិន​ដឹង​ទៅ​ជា​យ៉ាងណា​?​

ទម្រាំ​រួច​រាល់​​ដល់​ម៉ោង​ជាង​​​១០យប់​ទើប​យើង​រក​បន្ទប់​គេង​បាន​។​ បង​ស្រី​ត្រូវ​បាន​គេ​បញ្ជូន​ចូល​បន្ទប់​អ្នក​ជំងឺ​ផ្នែក​តម្រងនោម​ តែ​​​នៅ​ជាប់​តាម​ដាន​ប្រភេទ​ឈាម​បន្ត​ទៀត​ព្រោះ​បង​ស្រី​អស់​ឈាម​ពី​ខ្លួន​ហើយ​ តែ​គេ​មិន​អាច​បញ្ចូល​ជូន​គាត់​បាន​ព្រោះ​ក្នុង​ខ្លួន​របស់​គាត់​ ពិនិត្យ​មិន​ដឹង​ពី​​​ប្រភេទ​ឈាម​ហើយ​មិន​ដឹង​ថា​ត្រូវ​បញ្ចូល​ឈាម​ប្រភេទ​ណា​ជូន​គាត់​បាន​ទេ។​ នៅ​ក្នុង​បន្ទប់​មាន​អ្នក​ជំងឺ​ជា​ច្រើន​ដែល​មិន​អាច​ស្មាន​បាន។ ​គ្រែ​អ្នក​ជំងឺ​មួយ​មាន​អ្នក​ជំងឺ​គេង​ដល់​ទៅ​២ ​រឺ​៣​នាក់​តាម​ប្រភេទ​ជំងឺ​ធ្ងន់​ឬ​ស្រាល។ ​គេ​អនុញ្ញាត​អោយ​មាន​​ អ្នក​មើល​ថែ​តែ​ម្នាក់​ទេ​ហើយ​អាច​គេង​បាន​នៅ​ក្រោម​គ្រែ​លើស​ពី​នេះ​គេ​ដេញ​ចេញ​ទាំង​អស់។​​​ គេ​ចាក់សោ​​អោយ​អ្នក​ជំងឺ​គេង​មិន​អាច​ចេញ​ទៅ​ណា​បាន​ទេ​ លុះ​ដល់​ម៉ោង​បាយ​ទើប​យើង​ចេញ​មក​អង្គុយ​លេង​ខាងក្រៅ​បាន ​ឬ​​ចូល​ទៅ​មើល​បាន។​​ របប​អាហារ​មាន​សម្រាប់​អ្នក​ជំងឺ​គឺ​ពេល​ព្រឹក​បបរ​ស​ជាមួយ​តៅហ៊ូ​ចៀន​​និង​ទឹក​ស៊ីអ៊ីវ​ ថ្ងៃ​ត្រង់​មាន​បាយ​ជាមួយ​ត្រកួន​ស្ងោរ​ អាហារ​បែបនេះ​សូម្បី​ខ្ញុំ​មិនមែន​អ្នក​ជំងឺ​ក៏​មិន​អាច​ញ៉ាំ​បាន​ដែរ​ពិត​ជា​មិន​ចេះ​ញ៉ាំ​ មិន​ធ្លាប់​ញ៉ាំ​ទេ​ដូចនេះ​ខ្ញុំ​ចេះ​តែ​លួច​ទិញ​ចំណី​ផ្សេងៗ​អោយ​បង​ញ៉ាំ​ទៅ។

បង​ស្រី​ត្រូវ​បាន​គេ​តាម​ដាន​ជា​ហែហូរ​រហូត​ដល់​ដឹង​ថា​ ក្នុង​ខ្លួន​របស់​គាត់​សំបូរ​ទៅ​ដោយ​ជាតិ​ពុល​មិន​អាច​បែង​ចែក​ប្រភេទ​ឈាម​បាន​ទេ ​គេ​​​ក៏​មិន​អាច​បញ្ចូល​បាន​ភ្លាមៗ​បាន​​ព្រោះ​សូម្បី​តែ​ចំណី​ដែល​គាត់​ញ៉ាំ​ទៅ​ក៏​ទៅ​ជា​ជាតិ​ពុល​ដែរ​។ ​​ខ្ញុំ​បាន​សួរ​ពេទ្យ​ ​​គេ​បាន​ប្រាប់​ថា​​ បង​ស្រី​បាន​ញ៉ាំ​អាហារ​ដែល​មាន​សារជាតិ​ពុល​នេះ​យូរ​មក​ហើយ ​​​វា​បាន​ផ្ដុំ​ពេញ​ក្នុង​ខ្លួន ​និង​ទៅ​ទុំ​​​​នឹង​កន្លែង​ណា​មួយ​​ក្នុង​ខ្លួន។​ ​គេ​នឹង​​ព្យាយាម​រក​វា។

ថ្ងៃ​ទី​៧​និង​៨ ​​​​ជា​ថ្ងៃ​​សៅរ៍-អាទិត្យ ​គេ​មិន​ពិនិត្យ​ទេ​លុះ​ដល់​ថ្ងៃ ទី​៩​វេលា​ម៉ោង​ប្រហែល​ជា​៣ល្ងាច​ទើប​គេ​ប្រាប់​​ថា​ ​​​សារជាតិ​ពល​បាន​ទៅ​ទុំ​នៅនឹង​ឆ្អឹង​ដូចនេះ​វា​បង្ក​បាន​ជា​ប្រភេទ​ជំងឺ​មួយ​គឺ​​​​មហារីក​ខួរ​ឆ្អឹង។ ​​​ ​​​​វា​បាន​ទៅ​ធ្វើ​ទុក្ខ​កន្លែង​ផ្សេងៗ​ទៀត​ដូចជា​តម្រងនោម ​ក្រពះ​អាហារ​ ពោះវៀន​តូច​ ពោះវៀន​ធំ ​​បេះដូង​ជា​ ​ពិសេស​គឺ​ឈាម​និង​ស្លាកែត​សម្រាប់​បង្កើត​គ្រាប់​ឈាម​ដែល​ខូច​ប្រហែល​ជា​៧០​% ​ទៅ​ហើយ​។ ​អ្វីៗ​ពិត​ជា​មិន​អាច​ស្មាន។ ​ខ្ញុំ​ជឿ​ថា ​​​ប្រជាជន​ខ្មែរ​​ជា​ច្រើន​នឹង​​កើត​ជំងឺ​បែបនេះ​ ព្រោះ​អ្នក​លក់​អាហារ​​​មិន​មាន​ការ​យល់​ដឹង​ លក់​អាហារ​​ប្រើប្រាស់​គ្រឿង​ផ្សំ​មិន​បាន​ត្រឹមត្រូវ​ទេ។ ​​​បើ​គេ​ចង់​អោយ​អាហារ​របស់​គេ​ឆ្ងាញ់​គេ​បាន​បន្ថែម​សារជាតិ​គីមី​ផ្សេងៗ​ដើម្បី​បំពេញ​បន្ថែម ​ដូចជា​ធ្វើ​អោយ​សាច់​ផុយ​ ​​បន្លែ​ផ្លែឈើ​ទុក​បាន​យូរ​ ឆាប់​ធំ​ ឆាប់​ទុំ​។ល។​

គ្រូពេទ្យ​ចាប់​ផ្ដើម​ព្យាបាល​ដោយ​អោយ​គាត់​លេប​ថ្នាំ​ប្រភេទ​គីមី​យ៉ាង​ដើម្បី​ទប់ស្កាត់ ​និង​ព្យាបាល​តម្រងនោម។​​ ​បញ្ចូល​ឈាម​ពេល​នោះ​គេ​ទារ​​ថ្លៃ​៣​ម៉ឺន​ដុល្លារ​​​សម្រាប់​កា​ព្យាបាល ​​​ពួក​យើង​ពិត​ជា​មិន​​មាន​លទ្ធភាព​​ឡើយ ​ព្រោះ​ម្នាក់​ៗ​ជាប់​លុយ​ទាំងអស់​ ម៉ាក់​ក៏​មិន​សូវ​មាន​លុយ​ដែរ។ ​​ពេល​នោះ​យើង​ក៏​សម្រេច​យក​គាត់​មក​ភ្នំពេញ​វិញ​ ព្រោះ​មាន​កា​អះអាង​ថា​ប្រទេស​យើង​ក៏​អាច​ធ្វើ​បាន​និង​ព្យាបាល​បាន​ដូច​គេ​ដែរ​ ហើយ​អស់​តម្លៃ​ថោក​ជាង។ ​​​​ខ្ញុំ​និង​ប្ដី​គិត​ថា​បើ​ដូចនេះ​មែន​ក៏​ល្អ​ដែរ​ព្រោះ​​៖

១-​យើង​បាន​នៅ​ជិត​ផ្ទះ​មាន​ការណ៍​​អ្វី​វា​ងាយស្រួល​សម្រេច​ព្រោះ​យើង​នៅ​ជុំ​គ្នា
២-​ខ្ញុំ​និង​ប្ដី​ក៏​ជិតដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ​ដែរ
៣-​គាត់​មិន​ព្រម​នៅ​ជាមួយ​នរណា​ទាំងអស់​លើក​លែង​​តែ​ខ្ញុំ​និង​ប្ដី​ខ្ញុំ
៤-​យើង​ក៏​អាច​ជួយ​ចែក​រំលែក​គ្នា​មើល​បាន​ព្រោះ​វា​ជិត​ផ្ទះ
​៥-​ សោហ៊ុយ​ក៏​មិន​សូវ​ចុះ​ថ្លៃ​​​ពេទ្យ​ក៏​ថោក​សមរម្យ​ ​​តែ​ពិបាក​ម៉្យាង​គឺ​ ពិបាក​រឿង​គោល​នយោបាយ​ក្រៅ​ផ្លូវការ​ប្រជាជន​ទាំងអស់​ប្រាកដ​ជា​ដឹង​និង​យល់​ថា​យ៉ាងម៉េច។
៦-​ពេទ្យ​នៅ​ទីនោះ​ក៏​មិន​ប្រាកដ​ថា​អាច​មើល​ជា​​​បាន​១០០​% ​បាន​ដែរ​។
៧-​បើ​យ៉ាង​ម៉េច​យើង​អាច​សល់​លុយ​ខ្លះ​ដើម្បី​ទុក​សម្រាប់​ជួយ​ក្មេង​អោយ​រៀន​បាន​ចប់​ចុង​ចប់​ដើម​ដែរ។

ដូច្នេះ​ខ្ញុំ​​និងប្តី​ព្រម​ទាំង​ក្រុមគ្រួសារ​ក៏​បាន​សំរេចចិត្ត​យក​គាត់​មក​ភ្នំពេញ​វិញ​ដោយ​មាន​ការ​​ព្រមព្រៀង​​ពី​គាត់ដែរ​៕
loading...

ពេញនិយម