សូមបញ្ជាទិញផលិតផលដើម្បីសម្រស់ និងសុខភាព

loading...

Tuesday, May 16, 2017

ស្តេចសៀមសុបិនថាមានអតីតព្រះមហាក្សត្រខ្មែរការពារព្រះបដិមាព្រះគោមិនឱ្យយកទៅសៀម

ការសរសេរនេះគឺបានសិក្សារវាងឆ្នាំ ១៣៥៧ រហូតមកដល់ឆ្នាំ ១៣៩៤។ ព្រះរាជាសៀមមួយ​ព្រះអង្គដែល​បានស្នងរាជ្យមានព្រះនាមថា ព្រះចៅរាមា ដែលពង្សាវតាខ្មែរហៅថា ចៅសំភ្យាចាន់​បាន​សោយរាជ្យ​ក្នុងឆ្នាំ១៣៨៨។ ព្រះរាជាអង្គនេះមានព្រះទ័យលោកភលន់ចង់វាតទីទឹកដីណាស់ក៏ចាត់ឲ្យកេណ្ឌទ័ពជាច្រើនដាក់ឲ្យព្រះរាជបុត្រព្រះនាមព្រះឥន្ទ្រារាជាកាន់ រួចបានបញ្ជាឲ្យចេញមកវាយដណ្តើមព្រះរាជាណាចក្រខេមរាឬខ្មែរ។

តបទៅនឹងមហិច្ឆតារបស់សៀម ព្រះរាជាកម្ពុជាបានរៀបចំទ័ពជា៤កង ដាក់ក្រោមបញ្ជារបស់ពញាកែវ ពញាតី ចៅពញាយ៉ាត(ជាប់សាច់រាជវង្ស) និងចៅហ្វ៊ាទល្ហៈ ជានាយករដ្ឋមន្ត្រីឲ្យទល់នឹងទ័ពសៀម។
សៀមបើកការវាយប្រហារ៣ផ្ទួនៗយ៉ាងសាហាវក្នុងពេលតែមួយ តែការទប់ទល់ពីទ័ពខ្មែរក៏ អង់អាចខ្លាហានណាស់ដែរ។ ទ័ពសៀមរងរបួសយ៉ាងដំនំដែលប្រជាជនគប់ចេញពីជញ្ជាំងថ្មមក។ ទ័ពសៀមបានព័ទ្ធរាជធានីអស់ពេល៧ខែតែធ្វើអ្វីមិនបាន។
ពេលនោះស្តេចសៀមធ្វើកលជាចោទទាហាន៦នាក់ថាបានប្រព្រឹត្តខុសឲ្យគេដាក់ទ័ណ្ឌកម្មដោយវាយនឹងរំពាត់ផ្តៅ ម្នាក់៥០រំពាត់នៅមុខទ័ពខ្មែរ។ យប់ឡើងគេឃើញសៀមទាំង៦នាក់ នោះដែលមានគូស សញ្ញា ជើងក្អែកលើថ្ងាស់មកបង្ហាញខ្លួននឹងកំផែងទ្វារ និយាយថា ស្តេចសៀមអយុត្តិធម៌ ដាក់ទោសមិន ត្រឹមត្រូវ គេកាច់ខ្មោះរួចរត់ចេញមក ហើយគេសូមបំរើខ្មែរដើម្បីសងសឹកនឹងស្តេចសៀមវិញ។
គេបាន​នាំអ្នក​ទាំង៦នាក់នោះទៅចូល​គាល់ព្រះរាជា ហើយនៅពេលដែលព្រះរាជាកំពុង ព្រះសណ្តាប់ របាយការណ៍របស់ពួកនោះ មានមន្ត្រីមួយរូបបានមករាយការណ៍ ថ្វាយព្រះរាជាថាពួកសៀមទើបតែ លើកឬស្សីមួយដើមនៅចំពីមុសច្រកទ្វារកំផែងខាងលិចដើមឬស្សីនោះមានដោតក្បាលអ្នកយាមដែលប្រហែសធ្វើឲ្យអ្នកទាំង៦នោះរត់រួច។
ព្រះរាជារឹតតែជឿលើរឿងទាំងអស់នេះថែមទៀត នៅពេលដែលមានទាហាន​២នាក់បានស្លាប់ ប៉ុន្មានថ្ងៃ ក្រោយមក។ ទ្រង់បានឲ្យរង្វាន់៤នាក់ដែលនៅសល់ ហើយបានឲ្យ នាម៉ឺនសព្វមុខមន្ត្រីយកចិត្តទុក ដាក់ថែមទៀត។ ពួកនេះបានចូលរួមប្រយុទ្ធក្នុងជួរទ័ពខ្មែរប្រឆាំងនឹងសៀមគ្រប់លើក ហើយបាន បង្ហាញស្នាដៃជាច្រើន ធ្វើឲ្យមេកងរបស់ពួកគេទុកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែរាល់ពេលដែល ទ័ពខ្មែររៀបចំ ធ្វើប្រតិបត្តិការ ពួកនេះតែងតែសរសេរលិខិតផ្តល់ព័ត៌មានអំពីថ្ងៃ ខែទីកន្លែង និងម៉ោងពេលប្រតិបត្តិការ ចងជាប់ជាមួយព្រួញមួយ រួចបាញ់ទៅក្នុងជំរំទ័ពសៀមជានិច្ច។
ថ្ងៃមួយការប្រយុទ្ធចាប់ផ្តើមតាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចធ្វើឲ្យទាហានទាំងសងខាងស្លាប់ដួលពេញគូទឹកទាំង៤ ទិស ស្រាប់តែពួកសៀមទាំង៤នាក់ដោយមានការជួយពីពញាកែវ និងពញាតីដែលត្រូវបាន គេបញ្ចុះបញ្ចូលឱ្យក្បត់ បើកទ្វារខាងលិចឱ្យខ្មាំងចូល។ ពួកសៀមទាំង៤ត្រូវបាន សំលាប់នៅនឹង កន្លែង​ប៉ុន្តែអ្វីៗហាក់ដូចជាយឺតពេលទៅហើយ ពួកសៀមក៏ដណ្តើមបានរាជធានីពេលនោះទៅ។ ព្រះរាជា​ក៏ត្រូវទ័ពសៀមធ្វើគត ខ្មែរត្រូវដាក់អាវុធចុះចាញ់នៅក្នុងឆ្នាំ១៣៩៤។
សៀមបានចាប់មន្ត្រី នាម៉ឺនជាច្រើនធ្វើជាឈ្លើយសឹក ប៉ុន្តែមានអ្នកមួយចំនួនក៏រត់រួចផងដែរដូចជា ចៅ​ពញាយ៉ាត និងពួកព្រាហ្មណ៍បុរោហិត ដោយនាំយកព្រះខ័នរាជ្យ លំពែងរាជរបស់តាចាយ និងកេត​នភណ្ឌរបស់រាជានិយមខ្មែរទៅជាមួយផង។
ស្តេចសៀមក៏បានសោយរាជ្យព្រះនាមថា ឥន្ទ្រារាជា។ ក្រោយអភិសេកបន្តិចព្រះរាជាសៀមអង្គនេះបាន យាងកាត់មហាប្រាសាទ ទ្រង់នឹងឆ្ងល់ក៏សួរថា ហេតុអ្វីក៏ព្រះរាជតំណាក់ដ៏ល្អនេះមានបន្ទប់ច្រើនម្លេះ? ពេលនោះមន្ត្រីខ្មែរម្នាក់បានទូលថ្វាយថា បន្ទប់ទាំងអស់នោះគឺសម្រាប់ទទួលរាជបុត្ររបស់ ស្តេច សាមន្តរាជទាំងឡាយដែលត្រូវបញ្ជូនមកកាន់វាំងកម្ពុជា។
ស្តេចសៀមក៏ប្រទះឃើញព្រះគោ ស្តេចសៀមសួរថា តើជាអ្វី? មន្ត្រីខ្មែរម្នាក់បានទូលថ្វាយថា ព្រះបដិមា​ព្រះគោសាងឡើងតាំងពីយូយាណាស់មកហើយ ក្នុងសម័យកម្ពុជាជាប្រទេស មហាអំណាចសម្រាប់ ដាក់គម្ពីព្រះត្រៃបិតក។ គេគោរពបូជាព្រះគោនេះហើយចាត់ទុក ថាជាព្រះផ្នូលនៃព្រះរាជាណាចក្រ។
ស្តេចសៀមពេញចិត្តនឹងចម្លើយនេះណាស់ ហើយនៅពេលដែលយាងត្រឡប់ទៅស្រុកសៀមវិញ ទ្រង់បាន នាំយកព្រះគោនោះ និងព្រះពុទ្ធិបដិមាជាច្រើនដែលសាងពីមាស និងប្រាក់ យកទៅជាមួយផង។ទ្រង់ក៏បាន នាំទៅផងដែរនូវអ្នកកាន់សាសនាខ្មែរ ពួកក្បត់ពញាកែវ ពញាតី និងអ្នកស្រុក ជាឈ្លើយសឹកចំនួន ៧ម៉ឺននាក់។
ចំណែកព្រះឥន្ទ្រារាជាដែលស្តេចសៀមឱ្យមកគ្រងរាជនៅរាជធានីខ្មែរវិញ​បានរកឃើញ កេតនភណ្ឌ​រាជា​និយមខ្មែរឃើញ ព្រោះថាបើគ្មានវត្ថុទាំងអស់នោះទេ គេមិនអាចសោយរាជពេញ​លក្ខណៈជាព្រះ​រាជា​បាន​ឡើយ។ ដោយភ័យខ្លាចគេលួចទៅវិញ ទ្រង់ថានឹងពិចារណារបញ្ជូនវត្ថុនោះទៅអយុធ្យា ស្រាប់តែ​ផ្គរ​លាន់​រំពងឡើង ហើយភ្លៀងក៏បង្អុរមកយ៉ាងខ្លាំងពេញមួយ​រាត្រីមុនថ្ងៃ​ដែលត្រូវបញ្ជូន​ចេញពីរាជ​ធានី​ឥន្ទបត្ត(អង្គរធំបច្ចុប្បន្ន) ធ្វើឲ្យស្តេចសៀមអង្គនោះភិតភ័យ ហើយទ្រង់សុបិនថា មាន​អតីតព្រះរាជា​ខ្មែរមួយ​អង្គមកគង់ពីលើ ហើយព្រមានព្រះរាជាសៀមនោះថា នឹងធ្វើបាប​ព្រះអង្គបើព្រះអង្គ​បញ្ចូន​កេតភណ្ឌ​ទាំងនោះ​ទៅស្រុកសៀមមែន។ ព្រះអង្គភ័យខ្លាច​ក៏សម្តេចទុក​កេតភណ្ឌទាំង​នោះនៅរាជធានី​នឹង​ឥន្ទបត្តវិញទៅ៕
ការសិក្សានេះគឺដកស្រង់ចេញពីសៀវភៅអាដេម៉ារ ឡឺក្លែរត្រង់ទំព័រ១៨២ ដល់១៨៧។ ហើយបន្ទាប់​មកទៀត​ខ្ញុំនឹងស្វែងរកថាតើព្រះគោត្រូវបាន​សៀមយកទៅស្រុក​គេនៅឆ្នាំណាឱ្យបានជាក់ច្បាស់។
loading...

ពេញនិយម