ថៃ៖ អតីតតារាកុនសិចថៃ នាង Nong Nat បានប្រាប់មូលហេតុដែលនាំឲ្យ នាងអាចរកឃើញសេចក្តីស្នេហាជាមួយប្តីនាង ដែលជាសេដ្ឋីម្នាក់ មានវ័យអាចធ្វើជាឪពុកនាងទៅហើយ ពោលគឺអាយុលើសនាងពាក់កណ្តាលឯណោះ។
ប្រភពព័ត៌មានដេលីម៉េល ចុះផ្សាយថ្ងៃទី២៩ តុលា ២០១៦ ឲ្យដឹងថា ឈ្មោះពិតរបស់អតីតតារាកុនសិចល្បីឈ្មោះរូបនេះគឺ កេតសារិន ឆាយឆាឡឺមផុល (Kejsarin Chaichalermphol) បច្ចុប្បន្នមានអាយុ៣១ឆ្នាំ និងជាភរិយារបស់សេដ្ឋី Harold Jennings Nesland Jr អាយុ៧០ឆ្នាំ ក្រោយការចាកចេញពីការងារ នៃឧស្សាហកម្មអាសអាភាសមួយនេះ។
នាង កេតសារិន បានប្រាប់ឲ្យដឹងថា៖ «ក្រៅពីក្តីមេត្តាដែលទទួលបានប្រាក់ចិញ្ចឹមរាល់ខែពីប្តីរបស់ខ្ញុំហើយនោះ គាត់តែងតែឲ្យប្រាក់បន្ថែមខ្ញុំទៀត។ រាល់ពេលដែលគាត់ដកប្រាក់ប៉ុណ្ណាក៏ដោយពីធនាគារ គាត់តែងតែបែងចែកជាពីរចំណែកម្នាក់ពាក់កណ្តាល (៥០/៥០) ជាមួយនាងខ្ញុំជានិច្ច»។ នេះបើយោងការស្រង់សម្តីដែលនាងថ្លែងទៅកាន់សារព័ត៌មានអង់គ្លេស South West News Service។ រូបនាងបន្ថែមថា «ការបន់ស្រន់ និងតាំងសមាធិ ជួយឲ្យយើងរកបានប្តីល្អម្នាក់យ៉ាងដូច្នេះ»។
គួររំឮកផងដែរថា អតីតតារាកុនសិចរូបនេះ ធ្លាប់ធ្វើឲ្យមានរឿងចម្រូងចម្រាសកើតឡើងអំឡុងខ្ទង់ឆ្នាំ២០០០ជាង ដោយសារតែនាង មានវត្តមានក្នុងវីដេអូទីផ្សារងងឹត ដែលត្រូវបានចែកចាយទូទាំងប្រទេសថៃ ដោយក្នុងនោះមានពាក់ព័ន្ធជាមួយផលិតកម្ម Tokyo Hunter និង Asian Heart ដែលធ្វើឲ្យល្មើសនឹងច្បាប់ប្រឆាំងអាសអាភាសរបស់ប្រទេសថៃ ទើបធ្វើឲ្យនាងលាឈប់ការងារក្នុងឧស្សាហកម្មមួយនេះ។
ក្រោយមកនាងបានដាក់ចិត្តដាក់កាយ ធ្វើជាពុទ្ធបរិសទ្ធមួយរូបយ៉ាងខ្ជាប់ខ្ជួនក្នុងព្រះពុទ្ធសាសនា រហូតដល់បានជួបលោក Nesland ប្តីរបស់នាងបច្ចុប្បន្ន និងបានរៀបការជាមួយគ្នាក្នុងឆ្នាំ២០១២។
នាង កេតសារិន ឆាយឆាឡឺមផុល ថ្លែងឲ្យដឹងថា ព្រះពុទ្ធសាសនាបានធ្វើឲ្យជីវិតរបស់នាងមានភាពប្រែប្រួល។ «ខ្ញុំធ្លាប់ជាគ្រឹស្តសាសនិកមួយរូបដែរ ប៉ុន្តែខ្ញុំផ្លាស់មកជាពុទ្ធសាសនិកវិញ ចាប់តាំងពីខ្ញុំនៅអាយុ២១ឆ្នាំមក។ ហើយសព្វថ្ងៃខ្ញុំកំពុងកសាងអំពើល្អជាច្រើន និងមានជំនឿលើសាសនាព្រះពុទ្ធខ្លាំងបំផុត។ ខ្ញុំតែងទៅវត្ត។ ខ្ញុំទៅរៀន និងមើលថែគ្រួសារនាងខ្ញុំ។ រាល់ពេលខ្ញុំតែងបរិច្ចាគមនុស្សធម៌ ធ្វើការបន់ស្រន់ និងតាំងសមាធិ ជាដើម។ សាសនាព្រះពុទ្ធបានផ្លាស់ប្តូរគំនិតរបស់ខ្ញុំច្រើនណាស់ ផ្លាស់ប្តូររបៀបក្នុងការរស់នៅរបស់ខ្ញុំ ហើយខ្ញុំរីករាយនឹងជីវិតសព្វថ្ងៃនេះ»៕