ស្ត្រីមានផ្ទៃពោះ មិនមែនធ្វើអ្វីៗ ស្រួលដូចស្ត្រីធម្មតាឡើយ ខណៈពេលដែលការពរពោះបាន ៩ ខែហើយអាចជារឿង នាំឲ្យមានភាពតានតឹងខ្លាំងបំផុត។ ដូច្នេះហើយ ដើម្បីបំបាត់ភាពតានតឹងនេះ គេមានវិធីច្រើនណាស់ ដែលអាចធ្វើបាន។ អ្នកប្រហែលជាធ្លាប់លឺហើយថា ស្ត្រីមានផ្ទៃពោះ ត្រូវចៀសវាងការរួមភេទ ប៉ុន្តែ តាមពិតការរួមភេទក្នុងពេលមានផ្ទៃពោះ គឺជារឿងល្អបំផុត ព្រោះវានឹងជួយពង្រឹងដល់ សាច់ដុំរាងកាយកាន់តែរឹងមាំ ដើម្បីត្រៀមខ្លួនសម្រាល និងក្រោយពេលសម្រាលរួច។ ខាងក្រោមនេះ គឺជាហេតុផលផ្សេងៗទៀត ដែលស្ត្រីត្រូវបន្តការរួមភេទទៀត ខណៈពេលកំពុងតែមានផ្ទៃពោះ ៖
បញ្ចុះសម្ពាធឈាម
អ័រម៉ូនអុកស៊ីតូស៊ីន នឹងបញ្ចេញក្នុងឈាមក្នុងពេលរួមភេទ ហើយវាក៏ជាអ្នកជួយបំបាត់ ភាពតានតឹងក្នុងអារម្មណ៍ដែរ។ អ្វីៗដែលកំពុងតែមាន ភាពតានតឹងក្នុងខួរក្បាលខ្លាំង នឹងបាត់ទៅវិញយ៉ាងងាយ ហើយក៏ជួយឲ្យសម្ពាធឈាម ស្ថិតក្នុងកម្រិតធម្មតាបានដែរ។ ការរួមភេទ នឹងជួយឲ្យស្ត្រីមានអារម្មណ៍ធូរស្រាល និងកាត់បន្ថយការប្រឈម ជំងឺគាំងបេះដូងទៀត។
គេងលក់កាន់តែស្រួល
ក្នុងពេលមានផ្ទៃពោះ ស្ត្រីច្រើនតែមានអាការៈ មិនស្រួលគ្រប់យ៉ាង តាំងពីឈឺចង្កេះ រហូតដល់នោមញឹក។ ការរួមភេទក្នុងពេលមានផ្ទៃពោះ គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីគេងលក់បានកាន់តែស្រួល ព្រោះស្ត្រីនឹងមានភាពធូរស្រាលក្នុងអារម្មណ៍ ក្រោយពីឈានដល់ចំណុចកំពូល ក្នុងពេលរួមភេទរួច។
បង្កើនភាពស្និទ្ធស្នាល
ចំណងទំនាក់ទំនងរវាងប្តី និងប្រពន្ធ នឹងតែមិនអាចកាត់ផ្តាច់ឡើយ នៅពេលដែលអ្នកទាំងពីរ នៅតែបន្តរួមភេទ ក្នុងពេលមានផ្ទៃពោះទៀត។ ចាស់ៗនិយាយថា ការបន្តរួមភេទក្នុងពេលវេលាមានផ្ទៃពោះបែបនេះ គឺជារឿងមិនល្អឡើយ ប៉ុន្តែ នោះគ្រាន់តែជាជំនឿមិនត្រឹមត្រូវ ដែលគ្មានការអះអាងប៉ុណ្ណោះ។
តាមពិត ក្នុងពេលមានផ្ទៃពោះ ការបញ្ចេញរបស់អ័រម៉ូនអុកស៊ីតូស៊ីន នឹងបង្កើនអារម្មណ៍ស្និទ្ធស្នាល ដល់មនុស្សទាំងពីរនាក់ ក្នុងពេលរួមភេទ ហើយក៏ជួយឲ្យស្ត្រីមានផ្ទៃពោះ កាន់តែមានសប្បាយចិត្ត មានអារម្មណ៍ថា មានការគាំទ្រ និងជឿជាក់ខ្លាំង។ ដៃគូទាំងពីរកាន់តែ ស្និទ្ធស្នាលគ្នាបន្ថែមទៀត ហើយក៏ស្រឡាញ់គ្នាកាន់តែខ្លាំងដែរ។
បន្ថយការឈឺចាប់
អ័រម៉ូនជាច្រើនដូចជា ប្រូឡាក់ទិន អឺស្រូសែន ប្រូហ្សេស្តេរ៉ូន ដែលមាននាទីបង្កើនលំហូរឈាម ទៅក្នុងតំបន់អាងត្រគាកដូចជា ទ្វារមាស នឹងបង្កើនការបញ្ចេញទឹករំអិល និងភាពស្រើបស្រាលកាន់តែខ្លាំង។ ដូច្នេះ ការឈឺចាប់ ក៏បាត់បង់ទៅវិញច្រើនដែរ៕